ភ្នំពេញ៖ បុរសជនជាតិវៀតណាមចំនួន ២នាក់ រួមនិងគ្រឿងញៀនជិត ៨គីឡូក្រាម ត្រូវបានកម្លាំងនគរបាលជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះស្រាវជ្រាវរហូតឈានដល់បង្ក្រាបករណីជួញដូរគ្រឿងញៀន ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។ នេះបេីយោងតាមការបញ្ជាក់ពីមន្ត្រីនគរបាលជាន់ខ្ពស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានថ្លែងឱ្យដឹងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៣។
មន្ត្រីនគរបាលជាន់ខ្ពស់រូបនេះ បានថ្លែងបន្តថា ដោយអនុវត្តតាមបញ្ជានាយឧត្ដមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្ដមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរង ទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន និងក្រោមការបញ្ជាដឹកនាំផ្ទាល់ ពីឧត្ដមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ កម្លាំងជំនាញ (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយឧត្តមសេនីយ៍ត្រី យឹម សែនឧត្តម្ភ, វរសេនីយ៍ឯក ញ៉ុង រស់ប្រាថ្នា នាយករងមន្ទីរប្រឆាំងគ្រឿងញៀនសហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដឹកនាំសម្របសម្រួលដោយលោក អុំ សុភ័ក្រ ព្រះរាជអជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ បានដំណើរការស្រាវជ្រាវបង្ក្រាបបទល្មើស ២គោលដៅផ្សេងគ្នាឈានដល់ឃាត់ខ្លួនជនសង្ស័យ និងរឹបអូសបានថ្នាំញៀន។
ក្នុងប្រតិបត្តិការនោះ បានធ្វេីឡេីងចំនួនពីរគោលដៅ ដោយគោលដៅទី១, ស្ថិតនីក្នុងបុរីមួយកន្លែង ភូមិបឹងឈូក សង្កាត់និរោធន៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ និងគោលដៅទី២ នៅបុរីមួយកន្លែងទៀត ស្ថិតភូមិបឹងឈូក សង្កាត់និរោធ៍ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ការបង្ក្រាបទាំង២ទីតាំងនេះ សមត្ថកិច្ចបានចាប់យកវត្ថុតាង មេតំហ្វេតាមីន ៧៩០.៩៣ក្រាម, MDMA ៣២១៥.០៥ក្រាម និងហេរ៉ូអីន ៣៦៤០ក្រាម សរុបគ្រឿងញៀនទាំងអស់ ទម្ងន់ ៧គីឡូក្រាម និង៦៤៥ក្រាម។ ចំពោះជនសង្ស័យដែលឃាត់ខ្លួនបាន មានជនជាតិវៀតណាម២នាក់ ម្នាក់ឈ្មោះ ង្វៀង ទៀងមិញ និងម្នាក់ទៀតឈ្មោះង្វៀង វ៉ាន់ណឹង។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភំ្នពេញ ចាត់ការតាមនីតិវិធី៕ដោយ៖សហការី