(គជប) , សេចក្តីណែនាំស្តីពី ការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងរបៀបរៀបរយ ក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត ក្នុងដំណើរការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្ត នីតិកាលទី៧ នៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ : ដើម្បីឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រព្រឹត្តទៅដោយរលូន និងធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ របៀបរៀបរយ និងបរិយាកាសស្ងប់ស្ងាត់ល្អ គណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមណែនាំដល់ប្រធានគណៈកម្មការរាជធានី ខេត្តរៀបចំការបោះឆ្នោត (គធ.ខប) ប្រធានគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត (គឃ.សប) និងប្រធានគណៈកម្មការការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត (គ.ក.ប/គ.ក.រ) ដូចខាងក្រោម ៖

១- អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត

ក. អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត ត្រូវបានអនុញ្ញាតឱ្យចូល់ក្នុងការិយាល័យបោះឆ្នោត និងបរិវេណខាងក្នុង នូវជនទាំងឡាយដូចខាងក្រោម ៖

-មន្ត្រីបោះឆ្នោតដែលបានទទួលការតែងតាំងពី គ.ជ.ប។ ភ្នាក់ងារគណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងដែលត្រូវបានអនុញ្ញាត។ 

-អ្នកសង្កេតការណ៍ដែលមានបណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប ឬដោយ គធ.ខប។

-អ្នកសារព័ត៌មានដែលមានបណ្ណផ្ដល់ឱ្យដោយ គ.ជ.ប។ ក្នុងករណីគ្មានបណ្ណអនុញ្ញាត អ្នកសារព័ត៌មានអាចចូលក្នុងការិយាល័យបោះឆ្នោត ដើម្បីគោលបំណងបោះឆ្នោតតែប៉ុណ្ណោះ ប្រសិនបើគាត់មានឈ្មោះបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ។

-អ្នកដែលមានសិទ្ធិបោះឆ្នោត ហើយត្រូវបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ។ 

-ជនដែលអមដំណើរអ្នកបោះឆ្នោតជាជនមានពិការភាពតាមលក្ខខណ្ឌដូចមានចែងក្នុងមាត ១០៧ នៃ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។

– ភ្នាក់ងារសន្តិសុខបោះឆ្នោតក្នុងឯកសណ្ឋាន និងប្រឡង់ដៃសន្តិសុខបោះឆ្នោតផ្តល់ឱ្យដោយ គ.ជ.ប ចូលការិយាល័យបោះឆ្នោត ដើម្បីគោលបំណងបោះឆ្នោតតែប៉ុណ្ណោះ ប្រសិនបើ គាត់មានឈ្មោះបោះឆ្នោតនៅការិយាល័យបោះឆ្នោតនោះ ប៉ុន្តែមិនអនុញ្ញាតឱ្យយកអាវុធ ចូលក្នុងការិយាល័យបោះឆ្នោតឡើយ។

-ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធាន គ.ក.ប ធ្វើសំណូមពរ ក្នុងករណីចាំបាច់។

ខ. អ្នកដែលមានសិទ្ធិចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត

ដូចខាងក្រោម ៖

-ត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យរាប់សន្លឹកឆ្នោត និងបរិវេណខាងក្នុងនូវជនទាំងឡាយមន្ត្រីរាប់សន្លឹកឆ្នោត ដែលបានទទួលការតែងតាំងពី គ.ជ.ប។

-ភ្នាក់ងារគណបក្សនយោបាយ ដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតនិងដែលត្រូវបានអនុញ្ញាត។ អ្នកសង្កេតការណ៍ដែលមានបណ្ណសម្គាល់ផ្តល់ឱ្យដោយ គ.ជ.ប ឬដោយ គធ.ខប។

-អ្នកសារព័ត៌មានដែលមានបណ្ណសម្គាល់ផ្ដល់ឱ្យដោយ គ.ជ.ប។

-ភ្នាក់ងារសន្តិសុខបោះឆ្នោត និងភ្នាក់ងារសង្គ្រោះ នៅពេលដែលប្រធាន គ.ក.រ ធ្វើសំណូមពរក្នុងករណីចាំបាច់។

២- អ្នកដែលមិនមានសិទ្ធិចូលក្នុងការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត មិនត្រូវបានអនុញ្ញាតឱ្យចូលក្នុងការិយាល័យបោះឆ្នោត និងការិយាល័យរាប់សន្លឹកឆ្នោត និងបរិវេណ ខាងក្នុង នូវជនទាំងឡាយដែលមិនស្ថិតក្នុងចំណុចទី១ ខាងលើរួមទាំង៖ សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត សមាជិកក្រុមប្រឹក្សាធម្មនុញ្ញ សមាជិករាជរដ្ឋាភិបាល ថ្នាក់ដឹកនាំគណបក្សនយោបាយគ្រប់លំដាប់ថ្នាក់ អាជ្ញាធរដែនដី អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ សមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មេភូមិ ជំនួយការមេភូមិ លើកលែងតែអ្នកទាំងនោះត្រូវបោះឆ្នោត។

៣- អំពីកិច្ចសហការ និងការអនុវត្ត

គធ.ខប គឃ.សប និង គ.ក.ប/គ.ក.រ ត្រូវសហការជាមួយកម្លាំងសន្តិសុខបោះឆ្នោតតាមមូលដ្ឋាន និងតាមការិយាល័យនីមួយៗរៀងៗខ្លួន ដើម្បីធានាឱ្យបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងរបៀបរៀបរយ ក្នុងដំណើរការបោះឆ្នោត និងរាប់សន្លឹកឆ្នោត។

-គធ.ខប និង គឃ.សប ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់គណបក្សនយោបាយ ឈរឈ្មោះបោះឆ្នោត អ្នកសង្កេតការណ៍ជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាល ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោត។

-ទទួលបានសេចក្ដីណែនាំនេះ ប្រធាន គធ.ខប ប្រធាន គឃ.សប និងប្រធាន គ.ក.ប/គ.ក.រ ត្រូវយក ចិត្តទុកដាក់សហការអនុវត្តឱ្យមានប្រសិទ្ធភាព និងក្នុងស្មារតីទទួលខុសត្រូវខ្ពស់ ចាប់ពីថ្ងៃចុះហត្ថលេខា នេះតទៅ ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print