ប្រមុខដឹកនាំក្រុមទាហានស៊ីឈ្នួល Wagner បានទៅដល់ប្រទេសបេឡារុសហើយ ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅពីប្រធានាធិបតី ។ សកម្មភាពទាំងនោះបានធ្វើឱ្យប្រទេសជាច្រើន បង្ហាញក្តីបារម្ភយ៉ាងខ្លាំងដល់សន្តិសុខជាតិរបស់ខ្លួន។
សារព័ត៌មានរុស្ស៉ី AP នៅថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ បានផ្សាយថា ប្រមុខអង្គការណាតូ (NATO) លោក Jens Stoltenberg នៅថ្ងៃអង្គារសប្តាហ៍នេះបាននិយាយថា សមាជិកណាតូមិនត្រូវមើលស្រាលរុស្ស៉ីនោះទេ បន្ទាប់ពីមានភាពចលាចលមួយពេលខ្លីកើតចេញពីការបះបោរបរាជ័យរបស់ក្រុមហ៊ុនទាហានស៉ីឈ្នួល Wagner ។
ក្នុងសន្និសីទសារព័ត៌មានមួយនៅទីក្រុងឡាអេ នៃប្រទេសហុល្លង់ លោក ស្តូលធិនបឺគ បានគូសបញ្ជាក់ថា «យើងទាំងអស់គ្នាបានឃើញស្ថានការណ៍ប្រែប្រួល ក្នុងប្រទេសរុស្ស៉ីនារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ហើយទាំងនេះគឺជាបញ្ហាផ្ទៃក្នុងរបស់រុស្ស៉ី។ ប៉ុន្តែក្នុងពេលជាមួយគ្នានេះ យើងក៏មិនត្រូវមើលស្រាលរុស្ស៉ីនោះដែរ»។
ប្រមុខនៃអង្គការណាតូរូបនេះបានបន្ថែមថា «កងទ័ពអ៊ុយក្រែនកំពុងដំណើរការប្រតិបត្តិការវាយបករបស់ខ្លួន ហើយបានយកទឹកដីមកវិញកាន់តែច្រើន ដែលនេះនឹងអំណោយផលនៅតុចរចារបស់ពួកយើង។ សមាជិកណាតូនឹងបន្តផ្តល់ជំនួយផ្នែកយោធាដល់ទីក្រុងកៀវ ព្រមជាមួយនឹងការបញ្ជាក់អំពីការប្តេជ្ញាចិត្តរបស់យើងចំពោះអ៊ុយក្រែន ក្នុងកិច្ចប្រជុំកំពូលនៅប្រទេសលីទុយអានី នៅខែក្រោយ»។
ក្រោយពីមានការបះបោររបស់ថៅកែក្រុមហ៊ុនទាហានស៉ីឈ្នួល Wagner លោក យេវហ្គីនី ព្រីហ្គោហ្ស៉ីន ក្រុមមន្រ្តីលោកខាងលិចបានចាត់ទុកភាពចលាចលនោះជាភាពប្រេះឆាក្នុងអំណាចយោធារុស្ស៉ី។ កាសែត New York Times បានដកស្រង់សម្តីមន្ត្រីអាមេរិកដែលនិយាយថា អ៊ុយក្រែនបរាជ័យក្នុងការទាញយកប្រយោជន៍ពីការបះបោរភ្លាមៗនៅ
រុស្ស៉ី៕ ដោយធីរីណា
រូបថត: Sputnik