ប្រទេស អ៊ីតាលី បាន ចុះហត្ថលេខា កាលពី ថ្ងៃ អង្គារ នូវ លិខិត មួយ ដែល មាន គោលបំណង លុបបំបាត់ ការប្រឆាំង នឹង ពួកយូដា ពី កីឡដ្ឋាន បាល់ទាត់ ទូទាំង ប្រទេស ។
ករណីនៃការរើសអើងជាតិសាសន៍ និងការប្រឆាំងពួកសាសន៍យូដាគឺជារឿងធម្មតានៅក្នុងពហុកីឡាដ្ឋានអ៊ីតាលី ដោយអ្នកគាំទ្រតែងតែស្រែក ឬជេរប្រមាថលើអ្នកលេងស្បែកខ្មៅ ដោយប្រើពាក្យ “ជ្វីហ្វ” ជាការប្រមាថ និងបង្ហាញនិមិត្តសញ្ញាណាស៊ី ឬហ្វាស៊ីស។
រដ្ឋមន្ត្រីមហាផ្ទៃអ៊ីតាលីលោក Matteo Piantedosi បាននិយាយនៅក្នុងពិធីចុះហត្ថលេខានៅទីក្រុងរ៉ូម ដែលមានការចូលរួមពីរដ្ឋមន្ត្រីកីឡារបស់ប្រទេសអ៊ីតាលី និងជាប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលីផងដែរ។
សេចក្តីប្រកាសនេះនឹងហាមអ្នកលេងបាល់ទាត់មិនឱ្យពាក់លេខ៨៨ដែលជាការយោងទៅលើពាក្យសំពះ ឬហៅថា “Heil Hitler” និងហាមនិមិត្តសញ្ញារំលឹកឡើងវិញនូវលទ្ធិណាស៊ី។ វាក៏នឹងកំណត់ឱ្យអ្នកគាំទ្រប្រើប្រាស់ភាសាមិនរើសអើងនៅគ្រប់ព្រឹត្តិការណ៍សាធារណៈ និងកំណត់គោលការណ៍ណែនាំអំពីរបៀបផ្អាកការប្រកួតក្នុងករណីមានការរើសអើង។
សហគមន៍ជ្វីហ្វកាលពីអតីតកាលបានជំរុញឱ្យអាជ្ញាធរកីឡាអ៊ីតាលីធ្វើបន្ថែមទៀតដើម្បីលុបបំបាត់ការប្រឆាំងនឹងពួកយូដានៅក្នុងកីឡដ្ឋាន។ កាលពីខែមីនាកន្លងទៅ កំឡុងពេលក្រុម Lazio យកឈ្នះ AS Roma ក្នុងលទ្ធផល ១–០ ក្នុងទីក្រុងជាមួយគ្នា អ្នកគាំទ្រម្នាក់បានពាក់អាវ Lazio ដែលមានលេខ សរសេរពាក្យ “Hitlerson” និងលេខ 88 ខណៈដែលអ្នកគាំទ្រ២នាក់ផ្សេងទៀតបានស្រែកដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងលទ្ធិហ្វាស៊ីសនិយម។
“តើវាអាចទៅរួចទេដែលមនុស្សគ្រប់គ្នាបន្តព្រងើយកន្តើយនឹងរឿងនេះ?”។ ប្រធានសហគមន៍ជ្វីហ្វរបស់ទីក្រុងរ៉ូម Ruth Dureghello បានបង្ហោះដោយអត្ថាធិប្បាយបែបនេះលើរូបភាព និងវីដេអូដែលបានផ្សព្វផ្សាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីការប្រកួត។
ក្រោយមកក្លិប Lazio បានប្រកាសថា អ្នកគាំទ្រទាំង៣នាក់នឹងត្រូវបានហាមឃាត់អស់មួយជីវិត មិនឲ្យចូលរួមការប្រកួតណាមួយនៅកីឡដ្ឋាន Stadio Olimpico ឡើយ ៕ (រូបភាព ៖ Reuters/CNA)