សម្តេចក្រឡាហោម ស ខេង អនុញ្ញាតឱ្យប្រតិភូសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម​ ចូលជួបសម្តែងការគួរសម

ចែករំលែក៖

ភ្នំពេញ : នារសៀលថ្ងៃពុធ ទី២៨ ខែមិថុនា ឆ្នាំ២០២៣ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយស នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា បានអនុញ្ញាតឱ្យប្រតិភូសមាគម​ ដែលដឹកនាំដោយឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគម ចូលជួបសម្តែងការគួរសម នាទីស្តីការក្រសួងមហាផ្ទៃ ដោយមានការអញ្ជើញចូលរួមពី រដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានចំណុះក្រសួងមហាផ្ទៃ ប្រតិភូមក្រុមប្រឹក្សាភិបាលសមាគម និងអ្នកពាក់ព័ន្ធជាច្រើនរូបផងដែរ។

ជាកិច្ចចាប់ផ្តើម សម្តេចក្រឡាហោម ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគម បានមានមតិស្វាគមន៍ចំពោះថ្នាក់ដឹកនាំ និងប្រតិភូសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យម ដែលបានចូលជួបសម្តែងការគួរសម នាឱកាសនេះ។ ជាមួយគ្នានេះ ក្នុងនាមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម បានថ្លែងអំណរគុណចំពោះសមាគម ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយជ្រុំជ្រែងជួយដល់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាពិសេស បានរៀបចំពិធីជួបជុំ និងពិសាអាហារសាមគ្គីនាពេលកន្លងមករវាងសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ដែលជាឱកាសជួបជុំបង្កើតភាពស្និលស្នាល និងផ្លាស់ប្តូរយោបល់ជួយគ្នាទៅវិញ ទៅមកផងដែរ។ សម្តេចក្រឡាហោម ក៏បានមានប្រសាសន៍ថា សកម្មភាពរបស់សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា គឺពិតជាមានសារសំខាន់ណាស់ ដែលបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។ 

នាឱកាសនោះដែរ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្នុងនាមប្រតិភូសមាគមទាំងអស់ បានគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ចំពោះសម្តេចក្រឡាហោម ស ខេង ដែលបានអនុញ្ញាតឱ្យរូបលោកបានដឹកនាំប្រតិភូសមាគម ចូលជួបសម្តែងការគួរសម។ ទន្ទឹមនេះដែរ លោកឧកញ៉ា ក៏បានគោរពរាយការណ៍ជូនសម្តេចក្រឡាហោម ជ្រាបថា បច្ចុប្បន្ន សមាគម​ បានបើកសាខាសហគ្រាសតូច និងមធ្យម បានចំនួន ២៥រាជធានី ខេត្ត ដោយក្នុងនោះសមាគមបានចង់ក្រងជាក្រុម ដើម្បីគាំទ្រក្នុងការជួយគ្នាទៅវិញទៅមក។

ទន្ទឹមនេះដែរ សម្តេចក្រឡាហោម ក៏បានណែនាំថា ដោយសារសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនេះ ទទួលរៀបចំកាត់ឯកសណ្ឋាន និងសម្លៀកបំពាក់សម្រាប់ឧកញ៉ា និងអ្នកឧកញ៉ានៅកម្ពុជា សម្តេចក្រឡាហោម ក៏បានណែនាំដល់សមាគម ឱ្យធ្វើការរៀបកាត់ និងបំពាក់ឱ្យបានត្រឹមត្រូវ ដោយផ្អែកលើអនុក្រឹត្យរបស់រាជរដ្ឋាភិបាលដែលបានកំណត់ ដើម្បីឱ្យមានការស្លៀកពាក់ឯកសណ្ឋានមានការឯកភាពគ្នាស្របតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។ លើសពីនេះទៀត សម្តេចក្រឡាហោម បានជំរុញឱ្យសមាគមបន្តពង្រីកបណ្តាញ ក៏ដូចជាការងារបណ្តុះបណ្តាលសមត្ថភាពបន្ថែមទៀតដល់បណ្តាសហគ្រាសជាសមាជិក ដើម្បីធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចកម្ពុជាមានការរីកចម្រើនបន្ថែមទៀត៕ 

ដោយ ៖ សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print