ខេត្តស្វាយរៀង: សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្វាយរៀង បានថ្លែងនូវការសោកស្តាយជាពន់ពេកចំពោះអគ្គិភ័យដែលបង្កការរំខាននិងរាំងស្ទះដល់ដំណើរការនៃចង្វាក់ផលិតកម្មនៅក្នុងរោងចក្រ។ សម្តេចក៏បានផ្តល់កម្លាំងចិត្តដល់អ្នកគ្រប់គ្រង ត្រូវរឹងប៉ឹង និងបន្តជួសជុលអគារដែលខូចខាតនេះឡើងវិញ ដើម្បីបន្តដំណើរការផលិតជាប្រក្រតីឡើងវិញ ។
សម្តេចកិត្តិសង្គហបណ្ឌិតថ្លែងបែបនេះ ខណៈដែលសម្តេចបានដឹកនាំប្រតិភូចុះពិនិត្យទីតាំងរោងចក្រដែលទទួលរងគ្រោះដោយសារអគ្គិភ័យកាលពីរសៀលថ្ងៃទី ៣០ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយផាក ដែលមានទីតាំងនៅក្នុងភូមិថ្នល់ជាតិ សង្កាត់ ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង នារសៀលថ្ងៃសៅរ៍ ១៤កើត ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ។
ជាការឆ្លើយតប អ្នកគ្រប់គ្រងរោងចក្របានបញ្ជាក់ថា ចំពោះកម្មករដែលបម្រើការនៅក្នុងនោះជាង ៤០០នាក់ មិនមានការរាំងស្ទះដល់ប្រាក់បៀវត្សរបស់ពួកគេទេ ប៉ុន្តែតម្រូវឱ្យពួកគាត់ត្រូវផ្លាស់ទៅបម្រើការងារនៅអគារផ្សេងទៀតដែលស្ថិតនៅក្នុងរោងចក្រនោះដដែល ។ បន្ទាប់មកអ្នកគ្រប់គ្រងបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចកិត្តិសង្គហបណ្ឌិត ថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយក្រុងបាវិត ដែលបានចំណាយពេលវេលាក្នុងការចុះមកសាកសួរសុខទុក្ខដល់រោងចក្រដោយផ្ទាល់ ដែលបានបង្ហាញអំពីកាយវិការយ៉ាងល្អប្រពៃក្នុងការគិតគូរនិងយកចិត្តទុកដាក់ខ្ពស់ដល់វិនិយោគិនដែលបានសម្រេចិត្តមកវិនិយោគនៅក្នុងព្រះរាជាណាចក្រកម្ពុជា ។
គួររំលឹកផងដែរថា ចំពោះករណីអគ្គិភ័យនេះមិនបណ្តាលឱ្យមានមនុស្សរងគ្រោះនោះទេ និងមានប្រតិបត្តិការនៃកិច្ចអន្តរាគមន៍ជួយសង្គ្រោះនិងពន្លត់អគ្គិភ័យខាងលើ គឺកិច្ចសហការល្អពីកងកម្លាំងនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធ និងកម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យរបស់មន្ទីរនគរបាលស្រុកបេនកូវ ខេត្តតៃនិញ ប្រទេសវៀតណាមផងដែរ ។
សម្តេចកិត្តិសង្គហបណ្ឌិតក៏បានថ្លែងអំណរគុណដល់កងកម្លាំងនគរបាលខេត្ត កម្លាំងកងរាជអាវុធហត្ថខេត្ត អាជ្ញាធរសមត្ថកិច្ចពាក់ព័ន្ធដែលបានរួមគ្នាយ៉ាងសស្រាក់សស្រាំនិងគ្រប់គ្រងស្ថានការណ៍បាន រហូតដល់ពន្លត់បានជាស្ថាពរ៕ ដោយ៖សុថាន