ភ្នំពេញ៖ ចំណងស្នេហាភេទដូចគ្នារវាង តារាសម្តែង និងពិធីការិនីកូនកាត់ខ្មែរអាល្លឺម៉ង់ អ្នកនាង ម៉ៃយ៉ា និងគូស្នេហ៍ជាអ្នកជំនួញនោះ បានបន្តភាពផ្អែមល្ហែមចាក់ទឹកមិនលេចអស់រយៈពេល៤ឆ្នាំកន្លងមកហើយ។ ចំណងស្នេហាដោយបើកចំហរនេះ ក៏ធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលខ្លាំងហើយពេលនេះកាន់តែភ្ញាក់ផ្អើលគឺក្រោយពីនាងបានប្រកាសនៅលើបណ្តាញសង្គមថា នាងបានពរពោះកូនដំបូងរយៈពេល៧ខែបាត់ទៅហើយ ដែលធ្វើឲ្យគេលាន់មាត់ថា ស្ងាត់ៗមានកូនមួយបាត់ទៅហើយ ហើយការជជីកសួររឿងវិធីសាស្ត្រនៅក្នុងការបង្ករកំណើតកូនគឺតាមរយៈវិធីមួយណា។ ទោះជាយ៉ាងណាគេសង្កេតឃើញមានទស្សនិកជន ពិសេសក្រុមអ្នកសិល្បៈដែលជិតដិតនឹងនាងបានផ្ញើសារអបអរសាទរនាងគ្រប់ៗគ្នាជាមួយនឹងដំណឹងនឹងអារម្មណ៍ភ្ញាក់ផ្អើលព្រោះតែ៧ ខែកន្លងមកហើយដែលគេមិនដែលបានឃើញតារាស្រីរូបនេះលេចមុខលើការងារសិល្បៈពិសេសការងារជាពិធីការិនីនោះ។ តារាស្រីរូបនេះបង្ហាញរូបថត៣សន្លឹកភ្ជាប់ដោយសំណេរច្បាស់ៗថា”កាដូ៤ឆ្នាំស្រលាញ់គនា គឺកូនទន្សាយនៅក្នុងពោះម៉ាក់ៗនេះហើយ៧ខែ ទាយមើលថាអូនប្រុស ឬស្រី ស្រលាញ់បង ប៉ាប៉ា។ សារផ្អែមល្ហែមនេះកាន់តែធ្វើឲ្យគេគ្រប់គ្នាចូលរួមអបអរសាទរនិងមានក្តីសុខជំនួសពួកកេផងដែរ។
គួរបញ្ជាក់ដែរថាចំណងស្នេហាភេទដូចគ្នារវាងតារាសម្តែងស្រី ម៉ៃយ៉ា និង គូស្នេហ៍ឈ្មោះពេជ្រ ដែលជាអ្នកជំនួញផ្នែកភោជនីយដ្ឋាននាតំបន់ផ្លូវភ្លោះអូឬស្សីនោះត្រូវបានគេទម្លាយថាមានរយៈពេល៤ឆ្នាំមកហើយហើយពួកគេតែងតែ បណ្តើរគ្នាជាសាធារណៈ ខណៈដែលពេជ្រជាតួអង្គប្តីតែងតែបំពេញភារកិច្ចមើលថៃភរិយាបានយ៉ាងល្អ ដោយបានទាំងជូននាងចេញចូលកម្មវិធីសិល្បៈ និងបំពេញការងារនៅទូរទស្សន៍នោះជាដើម។ កន្លងទៅពួកគេក៏ធ្លាប់បានបណ្តើរគ្នាយ៉ាងផ្អែមល្ហែមទៅធ្វើដំណើរកម្សាន្តនៅក្រៅប្រទេសថែមទៀតផង។ ក្រៅពីពួគគាត់ក៏មានអ្នកសិល្បៈមួយចំនួនទៀតបានប្រកាសបើកបង្ហាញចំណងស្នេហាភេទដូចគ្នាដោយបើកចំហរ ខណៈដែលអ្នកខ្លះមានទាំងកូនភ្លោះថែមទៀតផងតាមរយៈការចាក់មេជីវិតរួមផ្សំគ្នាបង្កកំណើតប៉ុន្តែគេនៅមិនទាន់ដឹងនៅឡើយទេថាតើករណីតារាសម្តែង និងពិធីការិនីរូបនេះប្រើវិធីសាស្ត្រណាឡើយ ប៉ុន្តែយ៉ាងណាសូមជូនពរឲ្យពួកគាត់មានក្តីសុខ សុភមង្គលជានិច្ចនិរន្តតរៀងទៅ៕ដោយ៖វឌ្ឍនា