សហជីពនិយោជក (MEDEF) ដែលជាសហជីពកម្មករដ៏ធំបំផុតរបស់ប្រទេសបារាំងបាននិយាយថា កុបកម្មដែលបានផ្ទុះឡើងកាលពីសប្តាហ៍មុនក្នុងប្រទេសនេះបានបណ្តាលឱ្យមានការខូចខាតប៉ាន់ស្មានជាង ១ ពាន់លានដុល្លារ។
នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែលពាក់ព័ន្ធកុបកម្ម សារព័ត៌មាន AFP នៅថ្ងៃពុធ ទី៥ ខែកក្កដា ឆ្នាំ២០២៣ ប្រធានាធិបតីបារាំង លោក Emmanuel Macron បានលើកឡើងនូវគំនិតដាក់ការផាកពិន័យ ចំពោះឪពុកម្តាយរបស់ក្រុមក្មេងជំទង់ ដែលត្រូវបានចាប់ខ្លួនពីបទបំផ្លិចបំផ្លាញ ឬឆក់ប្លន់ ដើម្បីជាផ្នែកមួយនៃចំណាត់ការឆ្លើយតបរបស់រដ្ឋាភិបាលចំពោះសកម្មភាពកុបកម្មហិង្សា រយៈពេលជាច្រើនថ្ងៃមកនេះ។
ក្រសួងយុត្តិធម៌បារាំងបានឱ្យដឹងថា ក្នុងចំណោមមនុស្សជិត ៤,០០០នាក់ដែលត្រូវបានចាប់ខ្លួនអំឡុងពេលកុបកម្មកាលពីសប្តាហ៍មុនគឺមានច្រើនជាង ១,២០០នាក់ជាអនីតិជន។ បើតាមការស្រង់សម្តីរបស់កាសែតក្នុងស្រុករបស់បារាំង លោក ម៉ាក្រុង បានគូសបញ្ជាក់ថា ក្នុងពេលជួបជាមួយក្រុមមន្រ្តីប៉ូលិស យ៉ាងដូច្នេះថា «ជាមួយនឹងការប្រព្រឹត្តខុសលើកទីមួយ យើងត្រូវរកវិធីដាក់ពិន័យផ្នែកហិរញ្ញវត្ថុ ទៅលើគ្រួសាររបស់អ្នកទាំងនោះ។ សម្រាប់ជំហានដំបូង គឺយើងដាក់ពិន័យតិចតួច»។
លោក ម៉ាក្រុង បានបន្ថែមថា «វាជាទំនួលខុសត្រូវរបស់ឪពុកម្តាយក្នុងការមើលថែពួកគេឲ្យនៅផ្ទះ ហើយវាមិនមែនជាការងាររបស់រដ្ឋ ក្នុងការប្រដៅជំនួសពួកគេនោះទេ។ ពួកគេក៏ទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុផងដែរ ចំពោះសកម្មភាពនៃកូនរបស់ខ្លួន ក្នុងការសងរាល់ការខូចខាតណាមួយសម្រាប់ជនរងគ្រោះ»។
មាត្រា ២២៧-១៧ នៃក្រមព្រហ្មទណ្ឌបារំាងដែលមានស្រាប់ ក៏បានកំណត់ឱ្យមានការផាកពិន័យលើឪពុកម្តាយរួចហើយផងដែរ។ ការផាកពិន័យអាចមានរហូតដល់ ៣២,៧០០ដុល្លារ និងការជាប់ពន្ធនាគារ ២ឆ្នាំសម្រាប់ឪពុកម្តាយណាដែលមិនបានបំពេញកាតព្វកិច្ចចិញ្ចឹមកូនបានល្អ៕ ដោយធីរីណា
រូបថត: TTXVN-VNA