ខេត្តបាត់ដំបង÷ កាលពីថ្ងៃសុក្រ៥រោចខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកក្កដាឆ្នាំ២០២៣ វេលាម៉ោង ៨និង០០នាទីនៅចំណុចភូមិដីក្រហម ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង មានករណីហិង្សា ក្នុងគ្រួសារមួយបានកើតឡើង ដោយការគំរាមកំហែងថានឹងសម្លាប់ បង្កដោយឈ្មោះ សាន្ត ឈុន ហៅហើម ភេទប្រុសអាយុ៣២ឆ្នាំ រស់នៅចំណុចកើតហេតុខាងលើ បានគំរាមសម្លាប់ម្ដាយបង្កើតរបស់ខ្លួនឈ្មោះពត ម៉េត អាយុ៥៤ឆ្នាំរស់នៅជាមួយគ្នាក្នុងភូមិ ឃុំ កើតហេតុខាងលើ មានមុខរបរកសិករ ។
នៅពេលទទួលបានពាក្យបណ្តឹងនេះ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរង ផែនការងារប្រឆាំងការជួញដូរនិងការពារអនីតិជន លោកវរសេនីយ៍ទោ វេ គឺមចត់ អធិការនគរបាលស្រុកកំរៀង បានដឹកនាំកម្លាំងផែ្នកជំនាញ និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាសែននាំខ្លួនជនសង័្សយខាងលើមកសាកសួរនៅអធិការដ្ឋាន។
ក្នុងចម្លើយសារភាពរបស់ជនសង័្សយបានបញ្ជាក់ថា រូបគេធ្លាប់បានធ្វើសកម្មភាពយកកាំបិតបុ័ងតោផ្លែ ពណ៌សទៅគំរាមម្ដាយថា នឹងសម្លាប់ចោលនាពេលកន្លងមក ហើយដោយសារតែឥទ្ធិពលនៃការប្រើប្រាស់គ្រឿងញៀនរហូតមកទើបនាំឱ្យរូបគេប្រព្រឹត្តសកម្មភាពបែបនេះ។
ពេលនេះនគរបាលស្រុកកំពុងកសាងសំណុំរឿងបញ្ជូនទៅផែនជំនាញអនុវត្តបន្តតាមនីតិវិធីច្បាប់៕ដោយ៖សុរិយា