ខេត្តស្វាយរៀង: លោកបណ្ឌិត តូច ប៉ូលីវ៉ា អភិបាលរងខេត្ត តំណាងលោកម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានសំណូមពរដល់គុណម្ចាស់ បងប្អូន អ៊ំ ពូ មីង លោកតា លោកយាយ ពុទ្ធបរិស័ទ ត្រូវស្រលាញ់និងថែរក្សាឱ្យបាននូវសន្តិភាព ស្ថិរភាពនិងសូមបងប្អូនចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣អោយបានគ្រប់ៗគ្នាដើម្បីសម្ដែងឱ្យឃើញនូវប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងសូមបោះឆ្នោតគាំទ្រដល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់នីតិកាលទី៧ និងនីតិកាល បន្តបន្ទាប់ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់ពេលអនាគត ។
សំណូមពរនេះធ្វើឡើងនាព្រឹកថ្ងៃទី៩ ខែកក្កដាឆ្នាំ២០២៣ ក្នុងពិធីបុណ្យប្រគេនទៀនព្រះវស្សាចំនួន៣១វត្ត មានវត្តនៅស្រុកស្វាយទាប២៣វត្តនិងវត្តស្រុករំដួលមាន៨វត្ត និងបុណ្យផ្កាប្រាក់រស្មីសាមគ្គីដែលជាការផ្ដួចផ្ដើមរបស់ព្រះតេជព្រះគុណ ហុង សិរីវុធ ព្រះចៅអធិការវត្តបុព្វារាម រស្មីបាត់ថង់ នៅវត្តបុព្វរាម រស្មីបាត់ថង់ ស្ថិតនៅភូមិបាត់ថង់ ឃុំគគីរសោម ស្រុកស្វាយទាបខេត្តស្វាយរៀង ។
លោកបណ្ឌិតបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខនិងសេចក្ដីនឹករលឹក ពីសំណាក់សម្ដេចកិត្តិសង្ខហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្វាយរៀង និងលោក ម៉ែន វិបុល អភិបាលនៃគណៈអភិបាលខេត្តស្វាយរៀង ដែលជានិច្ចកាលសម្ដេចកិត្តិសង្គហបណ្ឌិត និងលោកអភិបាលខេត្ត អនុវត្តទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលតែងតែគិតគូរយកចិត្តទុកដាក់បំផុតចំពោះសុខទុក្ខ និងដោះស្រាយបញ្ហាលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋយើងទាំង វិស័យពុទ្ធចក្រ និងអាណាចក្រនេះតែម្តង។
កន្លងផុតរយៈពេល៤៨ឆ្នាំមុន(១៩៧៥-២០២៣) បើយើងគិតថយក្រោយបន្តិចក្នុងរបបកម្ពុជាប្រជាប្រជាធិបតេយ្យ(ខ្មែរក្រហម) ដែលគុណម្ចាស់ និងលោកយាយ លោកតាបានឆ្លងកាត់ពិតជាដឹងច្បាស់ហើយ សម័យនោះវិស័យសាសនាត្រូវបានពួកខ្មែរក្រហមបំផ្លាញចោលដល់ឫសគល់។ ពួកគេអប់រំមនុស្សឱ្យស្អប់សាសនា និងមិនឱ្យទទួលស្គាល់តួនាទីពុទ្ធសាសនាឡើយ ព្រះសង្ឃ និងបញ្ញវន្តសាសនាទាំងអស់ត្រូវសម្លាប់និងនិរទេស វត្តអារាមត្រូវបានបំផ្លាញ និងជាកន្លែងចិញ្ចឹមសត្វ ក្បួនច្បាប់គម្ពីរដីកាត្រូវ បំផ្លាញចោល ។
លោកបណ្ឌិតបន្តថា ក្រោមការដឹកនាំ នយោបាយឈ្នះ=ឈ្នះ កើតចេញមកដោយសារសម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលជាស្ថាបនិកឯកមគ្គុទេសក៍ឯកនិងឥស្សរជនខ្មែរជាច្រើនទៀត បានជួយស្រោចស្រង់អាយុជីវិតប្រជាជនកម្ពុជា ។
សូមបញ្ជាក់ថា គ្រឿងឧបភោគបរិភោគនិងសម្ភារដែលប្រគេនដល់វត្តទាំង៣១វត្តគឺក្នុងមួយវត្តទទួលបានរួមមាន៖
១-អង្ករ៥០ គីឡូក្រាម
២-ទៀនព្រះវស្សា១គូ
៣-មី៥កេស
៤-ភេសជ្ជៈ ១ កេស
៥.គ្រឿងទេសសម្រាប់ស្លនិងបច្ច័យ២០ម៉ឺនរៀល។
កម្មវិធីនេះផ្ដួចផ្ដើមដោយព្រះតេជព្រះគុណ ហុង សិរីវុធ ព្រះចៅអធិការ(វត្តបុព្វារាមរស្មីបាត់ថង់) ព្រមទាំងពុទ្ធបរិស័ទគ្រប់មជ្ឈដា្ឋនផងដែរ។
ព្រះតេជគុណ ហុង សិរីវុធ ព្រះចៅអធិការ(វត្តបុព្វារាមរស្មីបាត់ថង់)មានថេរដីកាអំពីដំណើរប្រវត្តិនៃពិធីបុណ្យប្រគេនទៀនព្រះវស្សា ដោយបានបញ្ជាក់ថា ទៀនព្រះវស្សា សម្ភារបរិក្ខារ រួមទាំងគ្រឿងឧបភោគបរិភោគនាំមកវេរប្រគេនដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សានាថ្ងៃនេះ គឺដើម្បីចូលរួមចំណែកអុជបំភ្លឺដល់សេចក្តីត្រូវការរបស់ព្រះសង្ឃគ្រប់អង្គក្នុងការសិក្សាគម្ពីរធម្មវិន័យនិងព្រះត្រ័យបិតក នៅក្នុងវេលាចូលកាន់ព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តនានា៕ ដោយ៖សុថាន