ភ្នំពេញ : នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីប្រារព្ធពិធី «រុក្ខទិវា ៩កក្កដា»។
សូមបញ្ជាក់ថា : ពិធីនេះបានរៀបចំធ្វើឡើងនៅ «ស្ថានីយ៍ដាំឈើម្សៅក្រដាស ហ៊ុន សែន មានក» ស្ថិតក្នុងភូមិអូរកាខុប ឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ។ នៅក្នុងពិធីនាព្រឹកថ្ងៃនេះ ក៏មានការអញ្ជើញដង្ហែព្រះរាជដំណើរព្រះមហាក្សត្រ ពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេចពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ព្រមទាំងសមាជិកព្រឹទ្ធសភា រដ្ឋសភា និងសមាជិករាជរដ្ឋាភិបាល។ ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងជាច្រើនរូបទៀត។
បុណ្យព្រៃឈើហៅថា «រុក្ខទិវា» ត្រូវបានរៀបចំឡើងតាមព្រះរាជក្រឹត្យចុះថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៥២ ក្រោមព្រះរាជតម្រិះព្រះវររាជបិតាជាតិ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ។ រហូតមកដល់ឆ្នាំ២០២៣នេះ ការបង្កើត «រុក្ខទិវា» គឺមានរយៈពេល៧១ឆ្នាំមកហើយ។
ផ្អែកលើចក្ខុវិស័យដ៏ត្រចះត្រចង់របស់ព្រះបរមរតនកោដ្ឋ និងដើម្បីបន្តស្នាព្រះហស្ថរបស់ព្រះអង្គ រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសបង្កើតឡើងវិញនូវ «រុក្ខទិវា» តាមសេចក្តីសម្រេចចុះថ្ងៃទី១២ ខែមករា ឆ្នាំ១៩៩០ របស់ក្រុមប្រឹក្សារដ្ឋមន្ត្រី ដែលត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ ខែកក្កដា ហើយច្បាប់ស្តីពីព្រៃឈើឆ្នាំ២០០២ ក៏បានកំណត់ទិវាពលកម្មដាំដើមឈើជាប្រពៃណីជាតិ ហៅថា «រុក្ខទិវា» នៅថ្ងៃទី៩ ខែកក្កដា ជារៀងរាល់ឆ្នាំ។ គិតចាប់ពីឆ្នាំ១៩៩២ រហូតដល់ឆ្នាំ២០១៩ ពិធី «រុក្ខទិវា» បានប្រារព្ធធ្វើនៅតាមបណ្តារាជធានី-ខេត្តចំនួន១៤ទូទាំងប្រទេស សរុបចំនួន២៩លើក នៅលើផ្ទៃដីទំហំជាង ៤៧០ហិកតា។
«រុក្ខទិវា» ត្រូវបានខកខានប្រារព្ធចំនួនពីរឆ្នាំ គឺឆ្នាំ២០២០ និង២០២១ ដោយសារវិបត្តិជំងឺកូវីដ១៩។ ឆ្នាំ២០២២ «រុក្ខទិវា» ត្រូវបានរៀបចំឡើង នៅស្ថានីយផ្សព្វផ្សាយ និងស្តារព្រៃឈើសំបួរមាស ក្នុងភូមិសំបួរមាស ឃុំស្នឹង ស្រុកបាណន់ ខេត្តបាត់ដំបង៕
ដោយ : សហការី