កីឡាករអន្តរជាតិកូរ៉េខាងត្បូង Lee Kang-in បានចូលរួមជាមួយក្លិបយក្សរបស់បារាំង Paris Saint-Germain ពីក្លិប Real Mallorca ក្នុងកិច្ចសន្យារយៈពេល៥ឆ្នាំ។ នេះបើតាមក្លិបទាំងពីរបានប្រកាសកាលពីថ្ងៃអាទិត្យ ទី៩ កក្កដា។
ខ្សែបម្រើវ័យ២២ឆ្នាំដែលបានចំណាយពេល២ឆ្នាំជាមួយក្រុមនៅ La Liga រូបនេះបង្ហាញខ្លួនបាន៧៣ប្រកួត ស៊ុតបញ្ចូលទីបាន៧គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុមស៊ុត១០ដង។
Lee បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “វាពិតជាមិនគួរឱ្យជឿដែលអាចចូលរួមជាមួយ Paris Saint-Germain វាជាក្លិបដ៏ធំបំផុតមួយនៅក្នុងពិភពលោក ជាមួយនឹងកីឡាករដ៏អស្ចារ្យបំផុតមួយចំនួននៅក្នុងពិភពលោក។ ខ្ញុំមិនអាចរង់ចាំក្នុងការចាប់ផ្តើមដំណើរផ្សងព្រេងថ្មីនេះទេ” ។
ខ្សែបម្រើកូរ៉េខាងត្បូងរូបនេះគឺជាកីឡាករចំណូលថ្មីទី៤របស់ PSG បន្ទាប់ពីការចូលរួមរបស់ខ្សែបម្រើ Manuel Ugarte ខ្សែការពារកណ្តាល Milan Skriniar និងខ្សែប្រយុទ្ធ Marco Asensio ។
ក្លិបបារាំងក៏បានចុះហត្ថលេខាលើអតីតគ្រូបង្វឹកអេស្ប៉ាញ និង Barcelona លោក Luis Enrique បន្ទាប់ពីបណ្តេញគ្រូបង្វឹកលោកChristophe Galtier កាលពីដើមសប្តាហ៍នេះផងដែរ ៕ (រូនភាព ៖ AP/CNA)