រថយន្តសណ្តោងកុងតឺន័របើកសុខៗរបូតកង់រុឺម៉កបោលបុកម៉ូតូបណ្តាលឱ្យបុរសពិការម្នាក់រងរបួសធ្ងន់

ចែករំលែក៖

ភ្នំពេញ ៖ រថយន្តកុងតឺន័រមួយគ្រឿងខណៈបើកសុខៗស្រាប់តែរបូតកង់រុឺម៉កខាងក្រោយបោលទៅបុកម៉ូតូម៉ាកឃ្លីក បណ្តាលឱ្យបុរសជាជនពិការម្នាក់រងរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ​ កាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ នៅតាមផ្លូវជាតិលេខ៤ ខាងលិចស្ពានអាកាសផ្លូវក្រវាត់ក្រុង ក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពនៅកន្លែងបានឱ្យដឹងថា មុនកើតហេតុគេបានឃេីញរថយន្តកុងតឺន័រម៉ាកហុីណូ ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3D-8724 អូសសណ្តោងរុឺម៉កពាក់ស្លាកលេខ ភ្នំពេញ 4B-2109 បើកតាមផ្លូវ៦០ម៉ែត្រ ពីត្បូងទៅជើង បត់ឆ្វេងក្រោមស្ពានអាកាសថ្មីឡើងផ្លូវជាតិលេខ៤ ឆ្ពោះទៅលិច ស្រាប់តែរបូតកង់ក្រោយខាងស្តាំបោលទៅបុកម៉ូតូឃ្លីក ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1JI-7649  កំពុងជិះលើផ្លូវជាតិលេខ៤ពីលិចទៅកើតបណ្តាលឱ្យរបួសបុរសជនពិការជេីងម្នាក់ និងជាមេសន្តិសុខ 7 STAR  រងរបួសធ្ងន់​ ចំណែកម៉ូតូខូចខ្ទេចស្ទើរទាំងស្រុង កង់រថយន្តមិនទាន់អស់ល្បឿនបោលទៅខឿនចិញ្ចើមផ្លូវ រីឯរថយន្តកុងតឺន័របន្តបើកទៅមុខរហូតដល់ពលរដ្ឋដេញតាមហៅប្រាប់ទើបបត់ត្រឡប់មកកន្លែងកើតហេតុវិញ ។

ក្រោយកើតហេតុភ្លាមៗ ជនរងគ្រោះត្រូវបានកងសន្តិសុខដូចគ្នាហៅរថយន្តគ្លីនិកឯកជនដឹកយកទៅសង្គ្រោះ ចំណែករថយន្តនិងម៉ូតូត្រូវបានសមត្ថកិច្ចចុះទៅពិនិត្យរួចយកទៅរក្សាទុកនៅផ្នែកជំនាញខណ្ឌ រង់ចាំដោះស្រាយនៅពេលក្រោយ ៕

ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print