ស្រាវជ្រាវបង្រ្កាប​និងឃាត់ខ្លួន​ករណីក្មេងស្ទាវ០២ក្រុមកាប់គ្នាទៅវិញទៅមកនៅម្តុំសណ្ឋាគារតោ១ ក្រុងព្រះសីហនុបានហើយ!

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ​ នៅរសៀល​ថ្ងៃ​ទី​១៤​ ខែកក្កដា​ ឆ្នាំ​២០២៣នេះ​ បានឱ្យដឹងថា​ កម្លាំងជំនាញព្រហ្មទណ្ឌខេត្ត​ បានចុះស្រាវជ្រាវបង្រ្កាប​ និងឃាត់ខ្លួន​ករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស (ក្រុមក្មេងស្ទាវ០២ក្រុមកាប់គ្នាទៅវិញទៅមក) នៅម្តុំសណ្ឋាគារតោ១ ស្ថិតក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុង-ខេត្តព្រះសីហនុ កាលពីថ្ងៃទី០៦-០៧ ខែកក្កដា ឆ្នាំ២០២៣បានហើយ​។

ប្រភពដដែលបន្តថា​ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ កាលពីថ្ងៃទី០៦ ខែកក្កដាថ្មីៗនេះ​ បានទទួលពត៌មានតាមបណ្ដាញសង្គម (Facebook) ដោយបានបង្ហោះពីសកម្មភាពក្មេងស្ទាវមួយក្រុមបានវាយ និងកាប់ម៉ូតូ នៅចំនុចម្ដុំសណ្ឋាគារតោ១ និងតាមបណ្ដាញសង្គម TikTok ដោយមានគណនីឈ្មោះ @dyyac6 បានបង្ហោះវីដេអូក្រុមក្មេងរាំកាន់ផ្លាកលេខម៉ូតូ នៅពីមុខម៉ូតូដែលរងការខូចខាតចំនួន០២គ្រឿង ។

ក្រោយទទួលព័ត៌មានភ្លាម ដោយអនុវត្តន៍តាមបទបញ្ជា លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ សហការណ៍ជាមួយជំនាញកម្លាំងមូលដ្ឋាន ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ។ ក្រោយកើតហេតុសមត្ថកិច្ចបាននាំក្មេងស្ទាវ០៣នាក់(បក្ខពួកក្រុមទី១)យកមកសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត ។ ពួកគេទាំង០៣ ជាភាគីខាងម៉ូតូដែលត្រូវបានគេកាប់ កាលពីព្រលឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ក្រោយសាកសួររួច សមត្ថកិច្ចយើងបន្ដឃាត់ខ្លួនក្រុមជនបង្ក០៣នាក់(ក្រុមទី២) ។ រហូតដល់ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៣ កម្លាំងនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានស្រាវជ្រាវឃាត់ខ្លួនក្រុមក្មេងស្ទាវ០៣នាក់ ពួកគេមានកាំបិតផ្គាក់ដងវែង០១ដើមនៅនឹងខ្លួន មកធ្វើការសាកសួរបន្ថែម ។ ពួកគេសារភាពថា ការដាក់កាំបិតតាមខ្លួន គឺមានបំណងតាមរក និងសងសឹកពួក (ក្រុមទី២) ដែលបានកាប់ម៉ូតូបក្ខពួកខ្លួន កាលពីព្រលឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២៣ ។ 

មន្រ្តី​ជំនាញ​ព្រហ្មទណ្ឌ​ខេត្ត​ បានឱ្យដឹងថា​ អត្តសញ្ញាណក្រុមក្មេងស្ទាវទាំង២ក្រុមនេះ​ (ក្រុមទី១) ក្រុមក្មេងស្ទាវដែលត្រូវគេកាប់ម៉ូតូកាលពីថ្ងៃទី០៦-០៧-២០២៣ មានបក្ខពួកប្រហែល ១៣នាក់ សមត្ថកិច្ចយើងឃាត់ខ្លួនបាន០៨នាក់ គេចខ្លួន០៥នាក់ និងដកហូតកាំបិតផ្គាក់០១ដើមនៅជាប់ខ្លួន ។ ពួកគេទាំង០៥នាក់នេះ ស្នាក់នៅបន្ទប់ជួលម្ដុំសង្កាត់លេខ៤ ក្រុង-ខេត្ដព្រះសីហនុ ។​ និង(ក្រុមទី២) ក្រុមក្មេងស្ទាវដែលបង្កហេតុ (កាប់ម៉ូតូ) កាលពីថ្ងៃទី០៦-០៧-២០២៣ ក្រុមនេះមានបក្ខពួក ប្រហែល១០នាក់ សមត្ថកិច្ចជំនាញឃាត់ខ្លួន០៣នាក់ បក្ខពួក០៧នាក់ទៀតរត់គេចខ្លួន ។ 

អំពីហេតុការណ៍ថ្ងៃទី០៦ និងទី០៧ ខែកក្កដា ឆ្នាំ២០២៣ ករណីនេះដំបូងឡើយ ក្រុមក្មេងស្ទាវ (ក្រុមទី១) មានគ្នា០៦នាក់ ជិះម៉ូតូ៣គ្រឿង ទៅបន្ទប់ស្នាក់នៅ លុះពេលជិះទៅដល់ម្ដុំLVចាស់ ហើយក្រុមក្មេងស្ទាវម្ខាងទៀត (ក្រុមទី២) មានគ្នាចំនួន០៧ ទៅ១០នាក់ ជិៈម៉ូតូ៤គ្រឿង ប្រដាប់ដោយដាវ កាំបិតផ្គាក់ និងកាំបិតប៉័ងតោ បានធ្វើសកម្មភាពកាប់ ទៅលើក្រុមក្មេងស្ទាវ (ក្រុមទី១) ដែលមានគ្នា០៦នាក់ រហូតពួកគេរត់ចោលម៉ូតូ០១គ្រឿងជារបស់ឈ្មោះ ធី វីណា ហើយក្មេងស្ទាវ (ក្រុមទី២) ក៏បានកាប់បំផ្លាញ ម៉ូតូនោះតែម្ដង ។ បន្ទាប់ពីធ្វើសកម្មភាពរួចក្មេងស្ទាវ(ក្រុមទី២) បានជិៈម៉ូតូតាមផ្លូវអង្គការម្លប់តាប៉ាង ដល់ម្ដុំ សណ្ឋាគារតោ១ ក៏បានជួបឈ្មោះ នូ វិឆៃ,ឈ្មោះ ហើស ថាមលេ (បក្ខពួកក្មេងស្ទាវក្រុមទី១) រួចក្រុមក្មេងស្ទាវ (ក្រុមទី២) បានកាប់ទៅលើអ្នកទាំង២ ជាច្រើនកាំបិត បណ្ដាលអោយរបួសខ្នង ដៃ និងកាប់បំផ្លាញម៉ូតូ០១គ្រឿង ទៀតផងដែរ ។ ក្រោយពីកាប់រួច បក្ខពួកក្មេងស្ទាវក្រុមទី១ ក៏បានថតវីដេអូរាំលេងដោយកាន់ស្លាក់លេខម៉ូតូដែល បាក់បែក ព្រមទាំងម៉ូតូដែលខូចខាត បង្ហោះលើបណ្ដាញសង្គម TikTok យ៉ាងសប្បាយ ។ លុះនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២៣ (បក្ខពួកក្មេងស្ទាវក្រុមទី១) ចំនួន៣នាក់ បាននាំគ្នា ដាក់កាំបិតផ្គាក់តាមខ្លួន បំណងទៅកាប់បក្ខពួក (ក្រុមទី២) វិញដើម្បីសងសឹក តែរកមិនជួប ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនយកមកសាកសួរតែម្ដង ។ 

ក្នុងកិច្ចប្រតិបតិ្ដការនេះ សមត្ថកិច្ចជំនាញ​ខេត្ត​ បានឃាត់ខ្លួនក្មេងស្ទាងទាំង០២ក្រុម សរុប១១នាក់ និងដកហូតសម្ភារៈវត្ថុតាងមួយចំនួនដូចជា ៖ 

-កាំបិតផ្គាក់ដងវែងចំនួន ១ដើម ។

-ម៉ូតូ០១គ្រឿងម៉ាកSUZUKI NIX ពណ៌ទឹកមាស ស្លាកលេខកំពង់ចាម 1W-2568 ។

-ម៉ូតូ០១គ្រឿងម៉ាកSUZUKI NIX ពណ៌ទឹកប្រាក់ បិតតែមពណ៌ស-ក្រហម ស្លាកលេខកំពង់ធំៈ1J-9794 ។

ករណីនេះកន្លងមកក្រុមក្មេងស្ទាវទាំង២ក្រុម ធ្វើសកម្មភាពដេញកាប់គ្នាទៅវិញទៅមក ដោយសារមានការឌឺដង ដាក់គ្នាទៅវិញទៅមក (រឿងស្រី) រវាងក្រុមក្មេងស្ទាវទាំង០២ក្រុម ។

បច្ចុប្បន្ន​នៅថ្ងៃទី១៤​ កក្ដដា​នេះ​ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទាំងអស់ រួមនិងវត្ថុតាងដកហូតបានទៅសាលាដំបូងខេត្តព្រះសីហនុ ដើម្បីបន្តនិតិវិធី៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print