ក្មេងសិស្សសាលាម្នាក់ទៅលេងទឹកនៅរមណីយដ្ឋានកោះខ្សាច់ទន្លាប៉ះខ្យល់បោកបក់បណ្ដាលឱ្យលង់ទឹកស្លាប់នៅស្រុកស្អាង

ចែករំលែក៖

ខេត្តកណ្ដាល: ក្មេងប្រុសសិស្សសាលាម្នាក់ទៅលេងទឹកទន្លេនៅរមណីយដ្ឋានកោះខ្សាច់ទន្លា ស្របពេលដែលខ្យល់បក់បោកខ្លាំងបណ្ដាលអោយក្មេងរងគ្រោះរសាត់ដល់ទឹកមានជម្រៅជ្រៅធ្វើឱ្យលង់ស្លាប់យ៉ាងអាណោចអាធ័ម ។ ករណីនេះ បានកើតឡើងនៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៣០នាទី នៅចំណុចកន្លែងកម្សាន្តក្បាលកោះខ្សាច់ទន្លា ស្ថិតនៅក្នុងភូមិក្បាលកោះលិច ឃុំកោះខ្សាច់ទន្លា ស្រុកស្អាងខេត្តកណ្តាល។

មន្ត្រីនគរបាលស្រុកស្អាងបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ថេង បញ្ញា ភេទប្រុស ថ្ងៃខែឆ្នាំកំណើត: ១៣.០៦.២០០៩ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកខ្មែរ ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្ដាល ។
ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំ និងវេលាម៉ោងកើតហេតុខាងលើ ជនរងគ្រោះ និងមិត្តភក្ដិដែលជាសិស្សសាលាប្រហែលជាង ១០នាក់ អាយុស្រករគ្នាបានមកលេងកម្សាន្តនៅចំណុចកើតហេតុ ដោយនាំគ្នាចុះងូតទឹកកម្សាន្តសប្បាយ ។ ខណៈពេលជនរងគ្រោះនិងមិត្តភក្ដិខាងលើកំពុងងូតទឹកស្រាប់តែមានខ្យល់កន្ត្រាក់យ៉ាងខ្លាំង ធ្វើឲ្យជនរងគ្រោះនិងមិត្តភក្ដិ២នាក់ផ្សេងទៀតត្រូវបានខ្យល់បក់ទៅកាន់កន្លែងដែលមានទឹកកាន់តែជ្រៅ ។ ខណៈកំពុងជួបគ្រោះថ្នាក់មិត្តភក្ដិរបស់ជនរងគ្រោះទាំងពីរនាក់បានតោងពោងជាប់ ហើយត្រូវបានអ្នកបើកទូកដចម្លងជួយសង្គ្រោះទាន់ពេលវេលា ចំណែកជនរងគ្រោះបានលិចចូលទៅក្នុងទឹកបាត់ ទៅ។
ក្រោយពេលទទួលបានព័ត៌មានខាងលើភ្លាម សមត្ថកិច្ចនៃអធិការដ្ឋាននគរបាលស្រុកស្អាងនិងអាជ្ញាធរពាក់ព័ន្ធ បានចុះទៅដល់ចំណុចកើតហេតុ និងបានធ្វើការស្វែងរកជនរងគ្រោះ រួចបានរកឃើញសពនៅវេលាម៉ោង១៦និង២៥នាទី ថ្ងៃខែឆ្នាំដដែល ។
ក្រោយពេលសមត្ថកិច្ចជំនាញធ្វើការពិនិត្យសពរួចឃើញថាពុំមានស្លាកស្នាមអ្វីគួរអោយកត់សម្គាល់នោះទេ ក៏សន្និដ្ឋានថាជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។
សពជនរងគ្រោះត្រូវបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ដោយ៖ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print