នាយឧត្តមសេនីយ៍ ខៀវ សុភ័គ៖​ សមត្ថកិច្ចឃាត់ខ្លួនមេដឹកនាំគណបក្សភ្លើងទៀន២នាក់ ដែលធ្វើសកម្មភាពញុះញង់ឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត

ចែករំលែក៖

ភ្នំពេញ៖ បើតាមការបញ្ជាក់ពីលោកនាយឧត្តមសេនីយ៍ ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ​ បានឱ្យដឹងថា​ សមត្ថកិច្ចនគរបាលសន្តិសុខ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីល្ងាចថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣ម្សិលមិញនេះ បានឃាត់ខ្លួនមន្ត្រីជាន់ខ្ពស់គណបក្សភ្លើងទៀន២រូប ដែលពាក់ព័ន្ធនឹងការអនុវត្តផែនការទុច្ចរិត ញុះញង់ប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោត។​ ចំពោះការនាំខ្លួនសមាជិកជាន់ខ្ពស់គណបក្សប្រឆាំង២រូបនេះ បានធ្វើឡើងដោយមានការអ​នុញ្ញាតពីលោក ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

សមាជិក២រូបនេះ រួមមានទី១៖ លោក លី រី ជាសមាជិកគណកម្មាធិការនាយកគណបក្សភ្លើងទៀន និងទី២៖ លោក ប៊ុន ខេត ជាប្រធានស្តីទីប្រតិបត្តិ រាជធានីភ្នំពេញ នៃគណបក្សភ្លើងទៀន។ គណបក្សភ្លើងទៀន មិនត្រូវបានអនុញ្ញាតឱ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោតជាតិ ជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ នោះទេ ដោយសារតែពុំមានឯកសារគ្រប់គ្រាន់តាមតម្រូវការរបស់គ.ជ.ប និងច្បាប់។

លោកអ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ​រូបនេះ​ បានបញ្ជាក់ថា សមត្ថកិច្ចមានភស្តុតាងគ្រប់គ្រាន់ ក្នុងការឃាត់ខ្លួនបុគ្គលទាំងពីររូបខាងលើនេះ។ បន្ទាប់ពីធ្វើការសាកសួរចម្លើយហើយ សមត្ថកិច្ចកំពុងកសាងសំណុំរឿងតាមច្បាប់។

...

សូមជម្រាបថា​ យោងតាមមាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។ បទល្មើសនេះត្រូវផាកពិន័យពី៥លាន ទៅ២០លានរៀល ដោយមិនគិតពីទោសព្រហ្មទណ្ឌផ្សេងទៀត៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print