ភ្នំពេញ : ក្រសួង ការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានចេញសេចក្តី ប្រកាសព័ត៌មាន ថា : លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣ កិច្ចប្រជុំរដ្ឋមន្ត្រីការ បរទេសអាស៊ានជាមួយសហរដ្ឋអាមេរិក និងវេទិកាតំបន់អាស៊ានលើកទី៣០ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៣៖
កិច្ចប្រជុំបានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការ ដែលសម្រេចបាន ក្រោមផែនការសកម្មភាពទីក្រុងម៉ានីល ដើម្បីអនុវត្តសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញស្ដីពី គំនិតផ្តួច ផ្តើមអភិវឌ្ឍន៍កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (២០១៨-២០២២) និងបានអនុម័តផែនការសកម្មភាពនៃ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា (២០២៤-២០២៨)។ ផែនការសកម្មភាពថ្មីនេះត្រូវបានកែសម្រួលទម្រង់ ដោយផ្តោតចំពោះការអនុវត្តនូវសេចក្តីថ្លែងការណ៍ និងសេចក្ដីប្រកាសនានារបស់ថ្នាក់ដឹកនាំនៃកិច្ច ប្រជុំកំពូលអាស៊ីបូព៌ា ក្នុងគោលដៅបង្កើនសារៈសំខាន់ សង្គតិភាព និងប្រសិទ្ធភាពនៃកិច្ចប្រជុំកំពូល អាស៊ីបូព៌ា ដែលជាវេទិការបស់ថ្នាក់ដឹកនាំ សម្រាប់ការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាព សេដ្ឋកិច្ច ក្នុងតំបន់។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីថា កម្ពុជាអាចគាំទ្រនូវគំនិតផ្តួចផ្តើមស្ដីពី ឥណ្ឌូ-ប៉ាស៊ីហ្វិកណាក៏ដោយ ដែលមិនមានគោលដៅប្រើប្រាស់ដើម្បីប្រឆាំងនឹងប្រទេសមួយផ្សេង ទៀត ដែលរួមចំណែកដល់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ហើយដែលគោរពធម្មនុញ្ញអាស៊ាន និង ទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ីហ្វិក។ លោកឧបនាយករដ្ឋមន្ត្រី បានជំរុញឱ្យដៃគូអាស៊ាន ពង្រីកការគាំទ្រលើវិស័យអាទិភាពទាំងបួន ដែលកំណត់ក្នុងទស្សនវិស័យអាស៊ានស្តីពីឥណ្ឌូ-ប៉ាស៊ី ហ្វិក តាមរយៈគម្រោង និងកម្មវិធីជាក់ស្ដែង ដែលប្រកបដោយគុណភាពខ្ពស់។
លោក ឧបនាយករដ្ឋមន្ត្រី ក៏បានគូសបញ្ជាក់បន្ថែមអំពីសារៈសំខាន់នៃការពង្រឹងនូវប្រសិទ្ធភាពនៃយន្តការ កិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដើម្បីធានាថា យន្តការនេះផ្ដល់នូវថាមពលថ្មី និងបំពេញបន្ថែមដល់យន្ត ការដែលដឹកនាំដោយអាស៊ានដទៃទៀត និងដោយបញ្ចៀសនូវការត្រួតគ្នា។ លោកឧបនាយករដ្ឋមន្តី បានសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលអាស៊ីបូព៌ាត្រូវការពង្រឹងបន្ថែមទៀត ដើម្បីឱ្យក្លាយទៅជាយន្តការ ដែលផ្ដោតចំលើបញ្ហា និងតម្រង់ទិសលើដំណោះស្រាយ។
កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន-សហរដ្ឋអាមេរិក៖
កិច្ចប្រជុំបានរំលឹកឡើងវិញអំពីការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយអាស៊ាន- សហរដ្ឋអាមេរិក នាឱកាសនៃកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី១០ កាលពីខែវិច្ឆិកា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ និងបានអនុម័តឧបសម្ព័ន្ធនៃផែនការសកម្មភាពអាស៊ាន-សហរដ្ឋ អាមេរិក (២០២១-២០២៥) កិច្ចប្រជុំបានស្វាគមន៍វឌ្ឍនភាពនៃទំនាក់ទំនងថ្មីរបស់អាស៊ាន និងសហរដ្ឋអាមេរិក លើវិស័យសុខភាពសាធារណៈ ការដឹកជញ្ជូន សមភាពយេនឌ័រ និងការ ពង្រឹងសិទ្ធិអំណាចស្ត្រី ថាមពល បរិស្ថាន និងការប្រែប្រួលអាកាសធាតុ។ កិច្ចប្រជុំក៏បានឯកភាព ជាគោលការណ៍លើសំណើបង្កើតមជ្ឈមណ្ឌលអាស៊ាន-សហរដ្ឋអាមេរិក។
លោកឧបនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យអាស៊ាន និងសហរដ្ឋអាមេរិក ពន្លឿនការ អនុវត្តផែនការការងារ នៃកិច្ចព្រមព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-សហរដ្ឋអាមេរិក និងគំនិតផ្តួចផ្តើមពង្រីកទំនាក់ទំនងសេដ្ឋកិច្ច។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ទំនាក់ទំនងប្រកបដោយស្ថិរភាព និងសុឆន្ទៈ ដោយប្រទេសមហាអំណាចធំៗ គឺជាមូលដ្ឋានគ្រឹះនៃ សន្តិភាព ស្ថិរភាព និងវិបុលភាព ហើយកង្វះចំណុចទាំងអស់នេះនឹងធ្វើឱ្យការជំរុញរបៀបវារៈ សាកលពិតជាមានការលំបាកយ៉ាងខ្លាំង ឬមិនអាចធ្វើបាន ។
វេទិកាតំបន់អាស៊ានលើកទី៣០៖
កិច្ចប្រជុំបានកោតសរសើរចំពោះការងាររបស់វេទិកាតំបន់អាស៊ានក្នុងរយៈពេល៣០ឆ្នាំ កន្លងមក ហើយបានគូសបញ្ជាក់អំពីការរួមចំណែកដ៏សំខាន់ៗ ចំពោះសន្តិភាព សន្តិសុខ និងស្ថិរភាព ក្នុងតំបន់ តាមរយៈការលើកកម្ពស់វិធានការកសាងទំនុកចិត្ត និងការបង្ការជម្លោះតាមផ្នែកការទូត ក៏ ដូចជាកិច្ចពិគ្រោះយោបល់លើបញ្ហានយោបាយ និងសន្តិសុខក្នុងតំបន់ដែលជាផលប្រយោជន៍ និង កង្វល់រួម។ ដើម្បីបន្តនូវសន្ទុះវិជ្ជមាននេះ កិច្ចប្រជុំបានបញ្ជាក់សារជាថ្មីនូវការប្ដេជ្ញាចិត្តក្នុងការជំរុញ និងពង្រឹងបន្ថែមនូវដំណើរការនៃវេទិកាតំបន់អាស៊ាន ដើម្បីឱ្យវេទិកានេះនៅតែបន្តដើរតួនាទីជា វេទិកាដែលឈានមុខនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងការដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខ ដែលទើបនឹងកើតឡើងថ្មីៗ និងនាពេលអនាគត តាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្ដែងដែលផ្ដោតចម្បងលើសកម្មភាពស្របតាមការអនុវត្តផែនការសកម្មភាព វេទិកាតំបន់អាស៊ានទីក្រុងហាណូយ ដំណាក់កាលទី២ ២០២០-២០២៥ ប្រកបដោយប្រសិទ្ធភាព។
កិច្ចប្រជុំបានស្វាគមន៍ការបោះពុម្ភផ្សាយ ទស្សនវិស័យសន្តិសុខវេទិកាតំបន់អាស៊ានប្រចាំ ឆ្នាំ២០២៣ និងបានរំលឹកឡើងវិញអំពីសារៈសំខាន់នៃឯកសារនេះ ដែលផ្ដល់ជាមធ្យោបាយមួយ សម្រាប់ប្រទេសសមាជិកទាំងអស់អាចចែករំលែកទស្សនរៀងខ្លួនអំពីបញ្ហាដែលពាក់ព័ន្ធនឹងសន្តិភាព និងសន្តិសុខ ជាសាធារណៈ។ កិច្ចប្រជុំក៏បានអនុម័តឯកសារចំនួនពីរពោលគឺ (១) សេចក្តីថ្លែង ការណ៍វេទិកាតំបន់អាស៊ានស្ដីពីការរំលឹកខួប៣០ឆ្នាំ នៃវេទិកាតំបន់អាស៊ាន និង(២) ឯកសារទស្សនា- ទានស្តីពី បណ្ដុំឯកសាររំលឹកខួបអនុស្សារីយលើកទី៣០ នៃវេទិកាតំបន់អាស៊ាន។
លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ជាថ្មីអំពីតួនាទីពិសេសដាច់ដោយឡែករបស់វេទិកា តំបន់អាស៊ាន ក្នុងការកសាងទំនុកចិត្តទៅវិញទៅមក និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាក់ ស្តែងរវាងសមាជិក។ លោកឧបនាយករដ្ឋមន្រ្តី បានលើកទឹកចិត្តឱ្យវេទិកាតំបន់អាស៊ានពង្រឹង ការងារ និងសកម្មភាពរបស់ខ្លួនក្នុងគោលបំណងលើកកម្ពស់ទំនាក់ទំនងប្រកបដោយស្ថិរភាព និង ចេតនាល្អ និងប្រកបដោយសុឆន្ទៈរវាងប្រទេសមហាអំណាច ដើម្បីរក្សាបាននូវសន្តិភាព និងស្ថិរភាព ក្នុងតំបន់ និងទូទាំងសកលលោក។ លោកឧបនាយករដ្ឋមន្ដ្រី ក៏បានបញ្ជាក់សាជាថ្មីអំពីការ គាំទ្រយ៉ាងមុតមាំរបស់កម្ពុជាចំពោះគោលការណ៍ ដែលមានចែងក្នុងធម្មនុញ្ញនៃអង្គការសហ ប្រជាជាតិ និងបទដ្ឋានដែលត្រូវបានទទួលស្គាល់ជាសកលពាក់ព័ន្ធនឹងការគោរពអធិបតេយ្យភាព បូរណភាពទឹកដី និងឯករាជ្យភាពផ្នែកនយោបាយរបស់ប្រទេសសមាជិកអង្គការសហប្រជាជាតិ។ លោកឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា កិច្ចសន្ទនា និងការងារការទូត គឺជាមធ្យោបាយដ៏ ប្រសើរបំផុតសម្រាប់ការបញ្ចប់ជម្លោះ ហើយការប្រាស្រ័យទាក់ទងគឺជាគន្លឹះក្នុងការកសាងទំនុក ចិត្ត ការជំរុញឱ្យមានការមូលមតិរួមគ្នា (promoting convergence) និងការរក្សាតុល្យភាពនៃផល ប្រយោជន៍ និងកង្វល់ផ្នែកសន្តិសុខរបស់ប្រទេសសមាជិក។
ជំនួបទ្វេភាគី៖
លោកឧបនាយករដ្ឋមន្ត្រីក៏បានឆ្លៀតឱកាសទទួលជួបទ្វេភាគីជាមួយ លោក បណ្ឌិត អេ ខេ អាប់ឌុល ម៉ូមិន សមាជិកសភា និងជារដ្ឋមន្ត្រីការបរទេសបង់ក្លាដែស និង លោកជំទាវ អាន នីខែន ហ្វ៊ីតហ្វែល រដ្ឋមន្ត្រីការបរទេសន័វស ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងផ្លាស់ ប្តូរទស្សនអំពីបញ្ហានានា ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម៕
ដោយ : សុខ ខេមរា