សារព័ត៌មាន AFP នៅថ្ងៃសៅរ៍ ទី១៥ ខែកក្កដា ឆ្នាំ២០២៣ បានដកស្រង់សម្តីមន្ត្រីកូរ៉េខាងត្បូងដែលបានប្រកាសឱ្យដឹងថា ចំនួនអ្នកស្លាប់នៅក្នុងគ្រោះទឹកជំនន់និងការរអិលបាក់ដីនៅកូរ៉េខាងត្បូងបានកើនដល់២២នាក់ហើយ ខណៈ១៤នាក់ផ្សេងទៀតបានបាត់ខ្លួន។
ក្រសួងមហាផ្ទៃកូរ៉េខាងត្បូង ក៏បានទទួលស្គាល់ដែរថាមានមនុស្ស២២នាក់បានស្លាប់ និង១៤នាក់ផ្សេងទៀតបានបាត់ខ្លួន នៅក្នុងគ្រោះទឹកជំនន់ ហើយជនរងគ្រោះភាគច្រើនត្រូវបានកប់នៅក្រោមបំណាក់ដី។ បន្ថែមពីលើនេះ ភាគច្រើននៃអ្នកស្លាប់និងបាត់ខ្លួន ក្នុងនោះរួមមានអ្នកស្លាប់១៦នាក់ និងបាត់ខ្លួន៩នាក់ ត្រូវបានគេរាយការណ៍នៅក្នុងខេត្ត យ៉ុងសាងខាងជើង (North Gyeongsang)។
មនុស្សច្រើនជាង ៦,៤០០នាក់ នៅក្នុងតំបន់ ហ្គោសាន់ (Goesan) ត្រូវបានបង្គាប់ឱ្យជម្លៀសខ្លួននៅព្រឹកថ្ងៃសៅរ៍នេះ ដោយសារតែទំនប់ទឹក Goesan មានទឹកហៀរចេញបណ្ដើរៗដែលអាចនឹងបង្កជាទឹកជំនន់ជន់លិចបន្ថែមដល់ភូមិដែលស្ថិតនៅក្បែរទំនប់ទឹកនេះ៕ ដោយធីរីណា
រូបថត: YONHAP