ខេត្តកណ្តាល៖ លោក លឹម គានហោ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ រួមជាមួយលោក លោកស្រី ក្រុមការងារ នាព្រឹកថ្ងៃអាទិត្យ ១៤រោច ខែបឋមាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៦ ខែកក្កដា ឆ្នាំ ២០២៣ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខ ផ្សព្វផ្សាយគោលនយោបាយគណបក្ស និងណែនាំពីការគូសសន្លឹកឆ្នោតជាមួយបងប្អូននិវត្តជនក្នុងស្រុកពញាឮ ខេត្តកណ្តាល ចំនួន ២៥០ នាក់ នាស្នាក់ការគណបក្សស្រុក ។
មានមតិសំណេះសំណាលនាឱកាសនេះ លោកប្រធានក្រុមការងារ បានលើកឡើងថា៖ ក្រោមម្លប់នៃសុខសន្តិភាពពេញលេញដែលជាផ្លែផ្កានៃនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី បានប្រែក្លាយពីស្ថានភាពនៃការបំផ្លិចបំផ្លាញដោយសារវិនាសកម្មសង្គ្រាម មកជាមានការអភិវឌ្ឍរីកចម្រើនជាលំដាប់លើគ្រប់វិស័យ ហើយក៏កំពុងបន្តពង្រឹង និងពង្រីកសក្តានុពលរបស់ខ្លួនឆ្ពោះទៅរកវឌ្ឍនភាពរុងរឿងបន្ថែមទៀត ក្រោមកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងប្រជាពលរដ្ឋនៅទូទាំងប្រទេស ។ សម្តេចតេជោនាយករដ្ឋមន្រ្តី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែបានគិតគូរ និងយកចិត្តទុកដាក់ជួយដោះស្រាយទុក្ខលំបាករបស់បងប្អូននិវត្តជន ពិសេសក្នុងការកសាងអភិវឌ្ឍប្រទេសជាតិ ជាមួយនឹងគោលបំណងអាទិភាពចម្បងបំផុត គឺសេចក្តីសុខសាន្ត និងជីវភាពសម្បូរសប្បាយរបស់ប្រជាពលរដ្ឋ ។
ក្រោយពីស្តាប់នូវសំណូមពររបស់បងប្អូននិវត្តជន លោករដ្ឋមន្ត្រី បានទទួលយក និងសម្រេចធ្វើការដោះស្រាយជូនពួកគាត់ ជាមួយគ្នានេះ លោកប្រធានក្រុមការងារ បានធ្វើការផ្តាំផ្ញើដល់បងប្អូននិវត្តជន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ក្នុងស្រុកពញាឮ ប្តេជ្ញាបន្តគាំទ្រនូវរាល់សកម្មភាពដឹកនាំរបស់រាជរដ្ឋាភិបាលដោយឥតងាករេ និងសូមគាំទ្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រីអាណត្តិទី ៧ និងអាណត្តិបន្តបន្ទាប់ និងសូមគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេន និងសូមអញ្ជើញទៅបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រសម្រាប់នីតិកាលទី ៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ដែលគណបក្ស កម្ពុជា មានលេខរៀងទី ១៨ ឱ្យបានគ្រប់ៗគ្នា។ បន្ទាប់មក លោកប្រធានក្រុមការងារ បានអញ្ជេីញចុះដឹកនាំហែរក្បួនគណបក្សក្នុងឃុំទាំង ១១ ផងដែរ៕ដោយ៖សហការី