ខេត្តកំពង់ចាម៖ លោក ជួន ចាន់ភារុណ តំណាងឱ្យលោក ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក នៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះជួយឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃចន្ទទី១៧ ខែកក្កដា ឆ្នាំ២០២៣នេះ បានអញ្ជើញជួបសំណេះសំណាលជាមួយក្រុមការងារថ្នាក់កណ្ដាលគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋចំនួន៤១៥នាក់ ស្ថិតនៅភូមិទី១៣ ឃុំកោះសូទិន ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ក្នុងពិធីជួបសំណេះសំណាលនោះដែរ ដោយមានការចូលរួមពីលោក លី មូសា សមាជិកក្រុមប្រឹក្សាស្រុក ,លោកអភិបាលរងស្រុក និងលោកស្រី ស៊ុន ចន្ថា មេឃុំកោះសូទិន ។
នាឱកាសនោះ លោក ជួន ចាន់ភារុណ បានមានប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់លោក ខៀវ កញ្ញារិទ្ធ ប្រធានក្រុមការងារចុះជួយស្រុកកោះសូទិន និងលោកស្រី បានថ្លែងអំណរគុណ កោតសរសើរចំពោះថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា លោកប្រធានក្រុមការងារមូលដ្ឋានភូមិ/ឃុំ កោះសូទិន ដែលបានចូលរួមចំណែកយ៉ាងសកម្ម ខិតខំប្រឹងប្រែងទាំងកាយ ទាំងចិត្ត ក្នុងការលៈបង់ពេលវេលា អនុវត្តកម្មវិធីគោលនយោបាយ របស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។
ជាមួយគ្នានេះ លោក ជួន ចាន់ភារុណ បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាសូមអញ្ជើញចូលរួមទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងគូសឱ្យចំនូវសន្លឹកឆ្នោតដែលពុកម៉ែបងប្អូនស្រឡាញ់ពេញចិត្ត ជាពិសេសគឺគណបក្សប្រជាជនកម្ពុជាតែម្ដង ហើយប្រសិនបើជាពុកម៉ែ អ៊ុំពូមីង បងប្អូនធ្វើការគូសទៅលើសន្លឹកឆ្នោតនោះ មានបញ្ហានៃការដាច់រលាត់សូមឱ្យបងប្អូនទាក់ទងទៅមន្ត្រីប្រចាំការនៅទីនោះដើម្បីដូរនៅសន្លឹកឆ្នោតថ្មីជៀសវៀងការបាត់បង់នៅសន្លឹកឆ្នោតដែលពុកម៉ែបងប្អូនស្រលាញ់ ដើម្បីរួមគ្នាឱ្យក្លាយជាសំឡេងតែមួយគឺ«បោះឆ្នោតដើម្បីសន្តិភាព»គឺបោះជូនគណបក្សប្រជាជនកម្ពុជា ដែលមានលេខរៀងទី១៨ រូបសញ្ញាទេវតា ដើម្បីបន្តនូវសុខសន្តិភាព និងការអភិវឌ្ឍ។
ជាចុងបញ្ចប់លោក ជួន ចាន់ភារុណ បានថ្លែងអំណរគុណចំពោះប្រជាពលរដ្ឋនៅមូលដ្ឋានភូមិ-ឃុំ ក៏ដូចជាក្រុមគ្រួសារគណបក្សប្រជាជនទាំងអស់ ដែលបានចូលរួមជីវភាពជាមួយគណបក្សប្រជាជន និងតែងតែស្រឡាញ់ពេញចិត្ត និងគាំទ្រ គណបក្សប្រជាជនកម្ពុជា យ៉ាងស្មោះស្ម័គ្ររហូតដល់បច្ចុប្បន្ន ដោយចេញទៅបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា៕ ដោយ៖ស តារា