ភ្នំពេញ៖ ធ្វើឲ្យអ្នកលេងបណ្តាញសង្គមានការចាប់អារម្មណ៍មុននេះក្រោយពីវីដេអូ និងរូបថតមួយចំនួនបង្ហាញពីមង្គលការរវាងតារាសម្តែងប្រុសស្រស់សង្ហា លោក ប៊ុត សារ៉ាវុធ និងកញ្ញា ច័ន្ទ នីកា ត្រូវបានបញ្ចេញ ។ នោះគឺជាឈុតសំពះផ្ទឹម និងក្នុងពិធីកាត់សក់បង្កក់សិរីនេះ បានធ្វើឲ្យអ្នកគាំទ្រពួកគាត់ស្រឡាំងកាំងនិងលើកជាសំណួរថាតើការពិត ឬយ៉ាងណាខណៈដែលកម្មវិធីនោះក៏មានវត្តមានសិល្បករចូលរួមផងដែរ។
តារាសម្តែងដែលបានបង្ហាញវត្តមានក្នុងពិធីសែនចងដៃនោះមានដូចជាតារាសម្តែង ទេព រិន្ទដារ៉ូ លោកស្រី ចាន់ តារាទីជាដើម ។ តាមទាន់ទើបដឹងថា គឺស្ថិតក្នុងការសម្តែងភាពយន្តភាគរឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូណ៌រមី» ដែលជាភាពយន្តស្តីអំពីជីវិតពិតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធិបណ្ឌិតប៊ុន រ៉ានី ហ៊ុនសែន។ ក្នុងឈុតឆាកនៃកម្មវិធីកាត់សក់បង្កក់សិរីនោះគឺគេឃើញមានការរៀបចំតុបតែងតាមទំនៀមទម្លាប់ប្រពៃណី ខណៈដែលតួអង្គឯកពីររូបគឺតារាសម្តែង លោក ប៉ាន់ ខែមម៉ានូ ជាតារាចម្រៀងប្រពៃណីបុរាណ សម្តែងជាតួអង្គ សម្តេចតេជោ និង តួអង្គឯកស្រី គឺកញ្ញា ហ៊ិន ចាន់នីរត្នន៍ ពិធីការិនីប្រចាំទូរទស្សន៍បាយ័ន សម្ដែងជាតួអង្គ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានឡើងកាត់សក់បង្កក់សិរីជូនស្វាមីភរិយាថ្មីសម្តែងដោយលោក ប៊ុត សារ៉ាវុធ និងកញ្ញា ចាន់ នីកា។តាមការបញ្ជាក់របស់លោក ប៊ុត សារ៉ាវុធ បានលើកឡើងថា នោះគឺជាឈុតឆាកនៃការសម្តែងតាមលំនាំសាច់រឿងពិតក្នុងពិធីមង្គលការឯកឧត្តម នឹម ច័ន្ទតារា និងលោកជំទាវចិត្តធម៌ ហ៊ុន ស៊ីណាត ប្អូនស្រីបង្កើតសម្តេចតេជោ ហ៊ុន សែន ហើយការរៀបចំតុបតែងគឺស្របនឹង បរិយាកាស និងជីវភាពរស់នៅ នាសម័យកាលនោះ។ លោកថាសិល្បករទាំងអស់ពិតជាកិត្តិយស និងរំភើបរីករាយដែលទទួលបានឱកាសសម្តែងក្នុងភាពយន្តជាប្រវត្តិសាស្ត្រនេះ ហើយភាពយន្តនេះនឹងឲ្យមហាជន និងកូនខ្មែរជំនាន់ក្រោយបានដឹងបានស្គាល់ និងហាក់ចូលដល់ទិដ្ឋភាពនៃសម័យមុនពិតៗពីជីវិតរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា ពិសេសគឺបានដឹងអំពីវរភាព និងការតស៊ូរបស់សម្តេចទាំងទ្វេផងដែរ៕
ដោយ ៖ វឌ្ឍនា