ខេត្តស្វាយរៀង: មានករណីគ្រោះថ្នាក់ចរាចរណ៍គួរអោយរន្ធត់រវាងម៉ូតូបត់ឆ្វេងមិនប្រយត្ន័ត្រូវរថយន្តបុករបួសធ្ងន់ស្រាល២នាក់បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់ ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ លើផ្លូវលេខ៣១៤Dចន្លោះគីឡូម៉ែត្រ ៤និង៥ស្ថិតក្នុងភូមិពោធិវង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាអ្នកបើកម៉ូតូមានឈ្មោះពៅ បូផា ភេទ ប្រុស អាយុ ៥១ មុខរបរកម្មករសំណង់និងអ្នករួមដំណើរមានឈ្មោះអ៊ុន សាវ៉ាន់ ភេទ ប្រុស អាយុ ៥៥ ឆ្នាំ មុខរបរ កម្មករសំណង់ អ្នកទាំង២ រស់នៅភូមិពោធិវង្ស ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង បើកម៉ូតូម៉ាក ហុងដា សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១C ៨៩៣៣ ខូចខាតយ៉ាងដំណំ។
ចំណែកអ្នកបើករថយន្តមិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេ ក្រោយដឹងថា បានបើក រថយន្តម៉ាក ហាយលែនឌ័រ ពណ៌ទឹកប៊ិច មិនស្គាល់ស្លាកលេខ បានបើកគេចពីកន្លែងកើតហេតុភ្លាមៗ។
តាមសាក្សីបានអោយដឹងថាមុនកើតហេតុមានបុរស២នាក់បានជិះម៉ូតូមួយគ្រឿង ម៉ាកហុងដា សេ១២៥ សេរីឆ្នាំ២០១៥ ពណ៌ ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង ១C ៨៩៣៣ដោយធ្វើដំណើរពីជើងមកត្បូងហើយបានបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏បុកជាមួយរថយន្តហាយលែនឌ័រ ពណ៌ទឹកប៊ិច មិនស្គាល់ស្លាកលេខ ទិសដៅបញ្ច្រាស់គ្នាយ៉ាងពេញទំហឹង
បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងអ្នកធ្វើដំណើរទាំងយប់។
ក្រោយមក អ្នករបួសធ្ងន់ស្រាលត្រូវបានសមត្ថកិច្ចដឹកមកសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាបនិងធ្វើការវាស់វែងនិងអូសយកវត្ថុតាងមក
រក្សាទុកនៅប៉ុស្តិ៍នគរបាលឃុំប្រសូត្រ ដើម្បីចាត់ការបន្តតាមច្បាប់៕ដោយ៖សុរិយា