ខេត្តបន្ទាយមានជ័យៈ ជនសង្ស័យម្នាក់ត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២០ ខែកក្កដា ឆ្នាំ២០២៣នេះ ដើម្បីអនុវត្តតាមនីតិវិធី។
សមត្ថកិច្ចប្រាប់ថាៈកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចម៉ូតូ នៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត កាលវេលាម៉ោង០១និង៣០នាទី ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។ ការឃាត់ខ្លួនជនសង្ស័យខាងលេីយោងតាមបណ្តឹងរបស់ឈ្មោះ ហន ស្រីល័ក្ខ ភេទស្រី អាយុ៤២ឆ្នាំ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ជនសង្ស័យឈ្មោះ សុង បូរ៉ា ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ ប្រាប់ថា កាលពីថ្ងៃទី១៧ ខែកក្កដា ជនរងគ្រោះបានទុកម៉ូតូម៉ាកហុងដា ZOOMER- X ពណ៌ក្រហម លាយស ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ សៀមរាប 1AC-4561 នៅមុខបន្ទប់ជួលរបស់ខ្លួនដូចរាល់ដង លុះព្រឹកឡើង ជនរងគ្រោះរៀបចំចេញទៅធ្វើការស្រាប់តែ ទ្វារបន្ទប់ជាប់បើកមិនចេញ ដោយជនសង្ស័យបានយកលួសសរសៃចងភ្ជាប់នឹងទ្វារ ហេីយជនរងគ្រោះបានទូរស័ព្ទហៅអ្នកជិតខាងឱ្យជួយបើកទ្វារ ពេលបេីកទ្វារស្រាប់តែបាត់ម៉ូតូតែម្ដង។
ក្រោយឃាត់ខ្លួន និងសួរចម្លេីយ ជនសង្ស័យ បានសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះពិតប្រាកដមែន។ ផ្អែកលេីចម្លេីយសារភាព និងវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានអាវុធហត្ថក្រុងប៉ោយប៉ែត បានកសាងសំណុំរឿងបញ្ជូនខ្លួនជនសង្ស័យ មកកាន់បញ្ជាការដ្ឋានកងរាជអាវុធខេត្តចាត់ការបន្ត។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បន្ទាយមានជ័យ បញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី។ ចំណែកវត្ថុតាង ម៉ូតូ ត្រូវបានកម្លាំងកងរាជអាវុហត្ថ ប្រគល់ជូនម្ចាស់ដេីមវិញ៕ដោយ៖វណ្ណា