ស្ត្រីឥណ្ឌាវាយដុតផ្ទះជនបង្ខំនារី២នាក់អាក្រាតដើរដង្ហែតាមផ្លូវ

ចែករំលែក៖

ស្ត្រីជាច្រើននៅក្នុងរដ្ឋ Manipur ប្រទេសឥណ្ឌាបានវាយប្រហារដុតផ្ទះរបស់ជនសង្ស័យសំខាន់ក្នុងករណីបង្ខំក្មេងស្រីអាក្រាតកាយពីរនាក់ឱ្យដើរដង្ហែតាមដងផ្លូវ។
យោងតាមទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃទី 21 ខែកក្កដា ប៉ូលីសរដ្ឋ Manipur បាននិយាយថា បុរសម្នាក់ត្រូវបានចោទប្រកាន់ថាបានអូសស្ត្រីពីរនាក់នៅលើផ្លូវកាលពីថ្ងៃទី 4 ខែឧសភា និងញុះញង់ហ្វូងមនុស្សឱ្យដោះអាវ ដើរក្បួន និងរំលោភលើជនរងគ្រោះ។
ឧបទ្ទវហេតុនេះបានកើតឡើងជាងពីរខែមកហើយ ប៉ុន្តែថ្មីៗនេះបានបង្កការខឹងសម្បារទូទាំងប្រទេសឥណ្ឌា បន្ទាប់ពីវីដេអូដែលថតបានការរំលោភផ្លូវភេទដ៏គួរឱ្យរន្ធត់នេះ ត្រូវបានបង្ហោះនៅលើបណ្តាញសង្គម។
ជនសង្ស័យសំខាន់ដែលត្រូវបានគេកំណត់អត្តសញ្ញាណថាជាអ្នករស់នៅក្នុងរដ្ឋ Manipur ត្រូវបានចាប់ខ្លួននៅថ្ងៃទី 20 ខែកក្កដា ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីនាយករដ្ឋមន្ត្រី Narendra Modi បានថ្កោលទោសការវាយប្រហារនេះថា “គួរឱ្យអាម៉ាស់” និងបានសន្យាថានឹងមានការដាក់ទណ្ឌកម្មយ៉ាងតឹងរ៉ឹងលើជនល្មើស។
មុខសញ្ញាបីនាក់ផ្សេងទៀតក៏ត្រូវបានចាប់ខ្លួនដែរ ហើយប៉ូលិសកំពុងសាកសួរមនុស្សយ៉ាងតិច៣០នាក់ទៀតដែលពាក់ព័ន្ធនឹងបទល្មើស។លោក Hemant Pandey មន្ត្រីប៉ូលិសជាន់ខ្ពស់នៅ Imphal រដ្ឋ Manipur បាននិយាយថា “ស្ត្រីក្នុងតំបន់បានគប់ដុំថ្ម និងដុតផ្ទះជនសង្ស័យសំខាន់ក្នុងករណីនេះ។ យើងស្នើឲ្យអ្នករាល់គ្នាតវ៉ាដោយសន្តិវិធី។ យើងយល់ពីកំហឹងរបស់ពួកគេ” ។
កាលពីខែឧសភា ប៉ូលីសបានទទួលព័ត៌មានថា ហ្វូងមនុស្សប្រដាប់ដោយអាវុធបានសម្រុកចូលភូមិមួយក្នុងស្រុក Kangpokpi ដើម្បីដុតផ្ទះជាច្រើនខ្នង មុនពេលវាយប្រហារសមាជិកនៃកុលសម្ព័ន្ធ Kuki ។
ក្រុមនោះបានរំលោភសេពសន្ថវៈលើស្រីអាយុ១៩ឆ្នាំ២នាក់និង២១ឆ្នាំ។ ជនរងគ្រោះទាំង២នាក់ក៏ត្រូវបានគេអូសនៅតាមផ្លូវក្នុងសភាពអាក្រាតកាយផងដែរ ។
ការតវ៉ាជាច្រើនបានផ្ទុះឡើងនៅក្នុងប្រទេសឥណ្ឌាទាមទារយុត្តិធម៌ និងការស៊ើបអង្កេតយ៉ាងរហ័សលើករណីនេះចំពេលមានការព្រួយបារម្ភអំពីសុវត្ថិភាពរបស់ស្ត្រី៕

ដោយ៖ធីរីណា

...

 

ប្រភពរូប៖The guardian

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print