ភ្នំពេញ៖ ក្រុមអាជីវករនៅរាជធានីភ្នំពេញ បានបង្ហាញការពេញចិត្ត និងសង្ឃឹមថា ការប្រកបអាជីវកម្មនឹងល្អប្រសើរឡើងថែមទៀត ជាពិសេសទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើនមកកាន់កម្ពុជា ខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ត្រូវបានបញ្ចប់ដោយជោគជ័យ ជាមួយលទ្ធផលបឋមថា គណបក្សប្រជាជនកម្ពុជាទទួលសំឡេងគាំទ្រច្រើនជាងគេនោះ
ជាក់ស្ដែងអាជីវករលក់វត្ថុអនុស្សាវរីយ៍ និងគ្រឿងចម្លាក់នៅផ្សារទួលទំពូងជាច្រើននាក់ បាននិយាយប្រហែលគ្នានៅព្រឹកថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣នេះថា៖ គិតមកដល់ពេលនេះ ការប្រកបអាជីវកម្មមានរយៈពេលប្រមាណ ១៧ឆ្នាំ ដោយលក់ដាច់ភាគច្រើនគឺភ្ញៀវមកពីក្រៅស្រុក។ និយាយដល់ការបោះឆ្នោត ក្រុមអាជីវករទាំងនោះ ទន្ទឹងរងចាំអស់រយៈពេល ៥ឆ្នាំ ដើម្បីទៅចូលរួមបោះឆ្នោតនេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងធ្វើឲ្យការរស់នៅប្រកបដោយសុខសន្តិភាព។
ដោយឡែកអាជីវករលក់រូបគំនូរ លោក ហ៊ួយ សីហា និងអ្នកស្រី សុខ ធីតា អាជីវករលក់សម្លៀកបំពាក់ កាបូប និងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀតក្នុងផ្សារទួលទំពូងនេះ បានលើកឡើងស្រដៀងគ្នាថា ទៅថ្ងៃអនាគតខាងមុខ អ្វីដែលពួកគាត់ចង់បាន និងចង់ឃើញបន្តទៀត គឺចង់ឃើញការដឹកនាំប្រទេសឲ្យមានការរីចកម្រើនទៅមុខបន្ថែមទៀត ជាពិសេស ទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគឲ្យមកកម្ពុជាកាន់តែច្រើនឡើង ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ល។
គួរបញ្ជាក់ថា ចំពោះលទ្ធផលការបែងចែកអាសនៈក្រៅផ្លូវការ ក៏បានបង្ហាញឱ្យឃេីញថា៖ គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ចំនួន ១២០អាសនៈ។ ចំណែកឯគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥អាសនៈផងដែរ៕ដោយ៖សហការី
រូបភាព៖BTV