ទីក្រុងបាងកក : តាមការលើកឡើងរបស់កូនស្រី នឹងជាបេក្ខភាពនាយករដ្ឋមន្ត្រី ផែថោងថាន ស៉ីនណាវ៉ាត់ (Paetongtarn Shinawatra)ដែលត្រូវជាឪពុករបស់អ្នកនាងមានគម្រោងវិលត្រឡប់ចូលប្រទេសថៃវិញ នៅថ្ងៃទី១០ ខែសីហា ខាងមុខនេះ។
អ្នកនាង ផែថោងថាន បានបង្ហោះសារនៅលើបណ្តាញសង្គមយ៉ាងដូច្នេះថា «ខ្ញុំហាក់សឹងតែមិនជឿនូវអ្វីដែលខ្ញុំកំពុងសរសេរឡើយ គឺលោកប៉ាគ្រោងត្រឡប់មកដល់ ព្រលានយន្តហោះដូនមឿង (Don Muang) នៅថ្ងៃទី១០ ខែសីហា» ដោយអ្នកនាងចង់សំដៅទៅលើ អាកាសយានដ្ឋាននៅរាជធានីបាងកក។
លោក ថាក់ស៉ីន ធ្លាប់កាន់តំណែងជានាយករដ្ឋមន្រ្តីថៃ ចាប់ពីឆ្នាំ២០០១ រហូតដល់ពេលលោកត្រូវបានគេទម្លាក់ពីអំណាចក្នុងរដ្ឋប្រហារយោធាកាលពីឆ្នាំ២០០៦។ សព្វថ្ងៃ លោក ថាក់ស៉ីន កំពុងរស់នៅដោយនិរទេស ក្រោយភៀសខ្លួនចេញពីប្រទេសថៃ ដើម្បីគេចវេះពីការជាប់ពន្ធនាគារ ពាក់ព័ន្ធសំណុំរឿងពុករលួយ កាលពីឆ្នាំ២០០៨។
ផែនការវិលត្រឡប់ចូលស្រុកវិញខាងលើ គឺចំពេលដែលគណបក្សភឿថៃ (Pheu Thai) កំពុងព្យាយាមដឹកនាំកិច្ចប្រឹងប្រែងបង្កើតរដ្ឋាភិបាលថ្មី ក្រោយឈ្នះបានអាសនៈច្រើនជាងគេលំដាប់ទី២ ក្នុងការបោះឆ្នោតសកលកាលពីខែឧសភា។ ភឿថៃ គឺជារូបរាងទី៣ នៃគណបក្សនយោបាយថៃមួយ ដែលត្រូវបានបង្កើតឡើងដំបូងដោយលោក ថាក់ស៉ីន ផ្ទាល់។ ចំណែកអ្នកនាង ផែថោងថាន ក៏ជាបេក្ខជនម្នាក់ក្នុងចំណោមបេក្ខជននាយករដ្ឋមន្រ្តីសរុប៣នាក់របស់គណបក្ស Pheu Thai ផងដែរ៕ ដោយធីរីណា
រូបថត: Thai PBS