ខេត្តបន្ទាយមានជ័យៈជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣នេះ។
អាវុធហត្ថប្រាប់ថាៈជនសង្ស័យម្នាក់ខាងលើបានឃាត់ខ្លួនកាលពីវេលាម៉ោង ១៣និង២០ នាទី ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៣ ។ សមត្ថកិច្ចបន្តថា ជនសង្ស័យខាងលើលួចម៉ូតូកង់បី កាលពីវេលាម៉ោង០៥និង០០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចមុខបន្ទប់ជួល ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានឱ្យដឹងថាៈយោងតាមពាក្យបណ្តឹងឈ្មោះ នៅ ចន្នី ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅទីតាំងកេីតហេតុខាងលេី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា៖ ជនសង្ស័យឈ្មោះ សេង សូនី ភេទប្រុស អាយុ៣៣ឆ្នាំ បច្ចុប្បន្ន រស់នៅភូមិក្បាលស្ពាន២ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។ វត្ថុតាងចាប់បាន ម៉ូតូកង់បីឥណ្ឌា (PASSAPP) ម៉ាក BAJAJREMAXIMAZ ពណ៌ស ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AM-9890។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បញ្ជាក់ថា៖ នៅវេលាកេីតហេតុជនរងគ្រោះបានចតម៉ូតូកង់បីមុខបន្ទប់ជួល រួចទៅសម្រាក លុះព្រឹកឡេីងចេញពីបន្ទប់ស្រាប់តែបាត់ម៉ូតូក៏ផ្អេីលឆោឡោ និងបានឆែកមេីលកាមេរ៉ាសុវត្ថិភាព ឃេីញជនសង្ស័យធ្វេីសកម្មភាពលួចម៉ូតូ ហើយជិះចេញទៅបាត់។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅមូលដ្ឋានកងរាជអាវុធហត្ថក្រុងតែម្ដង។
ក្រោយការឃាត់ខ្លួននិងសួរចម្លេីយ ជនសង្ស័យបានសារភាពថា៖ ខ្លួនពិតជាបានធ្វេីសកម្មភាព លួចម៉ូតូជនរងគ្រោះពិតប្រាកដមែន ហេីយកន្លងទៅខ្លួនធ្លាប់បានជាប់ពន្ធនាគារចំនួន០១លើកផងដែរ ពាក់ព័ន្ធករណីលួច នៅក្នុងរាជធានីភ្នំពេញ កាលពីអំឡុងឆ្នាំ២០១៦ដល់ឆ្នាំ២០២១។ ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានបញ្ជូនជនសង្ស័យ មកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា៖ ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
ជនសង្ស័យ ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្ត។ ចំណែកម៉ូតូ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ប្រគល់ជូនម្ចាស់ដេីមវិញ៕វណ្ណា