ខេត្តកំពង់ស្ពឺ÷ សមត្ថកិច្ចខេត្តកំពង់ស្ពឺបានអោយដឹងថា នៅវេលាម៉ោង០៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ មានករណីក្រុមចោរ ទាក់ឆ្កែតាមភូមិនិងតាមផ្លូវសាធារណៈពេលយប់ ។
តាមសេចក្តីរាយការណ៍ពីលោកវរសេនីយ៍ឯក ខឹម សាម៉ុន អធិការនគរបាលស្រុកសាមគ្គីមុនីជ័យឱ្យដឹងថា ក្រុមជនសង្ស័យមានបក្ខពួកច្រើននាក់ ដោយមធ្យោបាយម៉ូតូច្រើនគ្រឿង និងមានសម្ភារខ្សែហ្វ្រ័ងកង់និងការុងសម្រាប់ច្រកឆ្កែនៅពេលប្រតិបត្ដិការជោគជ័យ។
ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានពេលនេះមាន ២នាក់ និងដកហូតសម្ភារវត្ថុតាងម៉ូតូ១គ្រឿង ម៉ាក(ស្មាក់រ៉េវូ)ពណ៍ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 1BR- 6213 ដងអន្ទាក់សម្រាប់ទាក់ឆ្កែចំនួន២, ដែកថ្នាំងអំពៅ១កំណាត់, ការុងចំនួន១,ឆ្កែចំនួន៣ក្បាល និងទូរស័ព្ទអិនចុចពិល ១គ្រឿង។
តាមចម្លើយរបស់ជនសង្ស័យខាងលើបានសារភាពថា ពួកគេមានមុខរបរដើរទាក់សត្វឆ្កែអនាថានៅក្រៅរបងនិងដេកដើរតាមផ្លូវពេលយប់។ ក្រោយទាក់បានគឺយកទៅលក់នៅទីផ្សារសាច់ពិសេសដែលមានម៉ូយរង់ចាំទិញយ៉ាងអន្ទះសា ។ ក្រុមខ្លួនមានគ្នា៥នាក់ ម៉ូតូ៣គ្រឿង ធ្វើសកម្មភាពទាក់ខាងមុខអ្នកខាងក្រោយមកទាក់បន្ដពេលសត្វឆ្កែរត់ដេញខាំអ្នកខាងមុខ។
បច្ចុប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងសត្វឆ្កែត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋានគរបាលស្រុកសាមគ្គីមុនីជ័យ ដើម្បីមានចំណាត់ការនីតិវិធីបន្ដ៕ ដោយ៖សុរិយា