ខេត្តបាត់ដំបង៖ កុមារីម្នាក់បានស្លាប់ រីឯកូនបងនៅរស់ត្រូវបានក្រុមគ្រួសារសាច់ញាតិដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ ខណៈដែលម្ដាយរវល់បោកខោអាវភ្លេចមេីលកូនៗលេងទឹកបណ្ដាលឱ្យលង់ទឹកអណ្ដូងជីក។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍្តទី២៧ ខែកក្កដា ឆ្នាំ២០២៣។
ប្រភពដដែលបន្តថា កុមារីដែលលង់ទឹកស្លាប់ឈ្មោះ រ៉េត សាវីតា អាយុ២ឆ្នាំ រស់នៅភូមិស្វាយជ្រំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានលង់ទឹកស្លាប់កាលពីថ្ងៃទី២៦ ខែកក្កដាម្សិលមិញ ត្រង់ចំណុចក្រុមទី០៦ ភូមិស្វាយជ្រំ ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង។
តាមការបញ្ជាក់ពីម្តាយជនរងគ្រោះឈ្មោះ អិន សុរិន អាយុ២៣ឆ្នាំ បានបំភ្លឺថា នៅថ្ងៃកើតហេតុខ្លួនកំពុងបោកខោអាវនៅខាងក្រោយផ្ទះ រីឯកូនទាំងពីរនៅលេងក្បែរខ្លួន។ បន្ទាប់ពីបោកខោអាវរួចប្រហែល២០នាទីស្រាប់តែបាត់កូនទាំងពីរនាក់បងប្អូន ខ្លួនក៏បានដើររកប្រទះឃើញកូនប្អូនលង់ទឹកស្លាប់ក្នុងអណ្ដូងជីកក្នុងអូរមុខផ្ទះ ចំណែកកូនបងនៅរស់បានយកទៅសង្រ្គោះនៅមន្ទីរពេទ្យ រួចទើបមករាយការណ៍ជូនសមត្ថកិច្ច។
ក្រោយពីទទួលបានព័ត៌មាន កម្លាំងនគរបាលផ្នែកជំនាញស្រុកសហការជាមួយលោកគ្រូពេទ្យជំនាញបានចុះត្រួតពិនិត្យ និងវិភាគទីកន្លែងកើតហេតុលើកុមារីជនគ្រោះឈ្មោះ រ៉េត សាវីតា ពិតជាលង់ទឹកអណ្ដូងជីកស្លាប់ប្រាកដមែន។
បច្ចុប្បន្នសាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឱ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕ដោយ៖អរុណរះ