ភ្នំពេញ : លោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលនឹងត្រូវឡើងកាន់ ដំណែង នាយករដ្ឋមន្ត្រី នៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៣ បានបង្ហោះលើ ផេកផ្លូវការ យ៉ាងដូច្នេះថា : បណ្តាំរបស់ពុកដែលកូននឹងចងចាំជានិច្ច និងប្តេជ្ញាអនុវត្តអោយបានដាច់ខាតនៅក្នុងគ្រប់កាលៈទេសៈ ។
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងពីបណ្តាំរបស់ពុកទៀតថា, “ពេលកូនក្លាយជានាយករដ្ឋមន្ត្រីរបស់កម្ពុជា កូនត្រូវតែការពារឲ្យខាងតែបាននូវសន្តិភាពដើម្បីធានាដល់ការអភិវឌ្ឍនិងភាពសុខសាន្តរបស់ប្រជាជន។”
សូមបញ្ជាក់ថា : សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សម្រេច ក្នុងការផ្តល់ឱកាសឲ្យយុវជនជំនាន់ក្រោយបានបន្តវេណក្នុងការដឹកនាំប្រទេសជាតិដែលមាន ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់អាណត្តិថ្មីទី៧ ឆ្នាំ២០២៣ ជាជម្រើសមួយដ៏ត្រឹមត្រូវ ដែលប្រជាពលរដ្ឋគាំទ្រពេញទំហឹង ។ ក្រៅពីប្រជាពលរដ្ឋគាំទ្រប្រសាសន៍របស់សម្ដេច តាមរយៈថ្នាក់ដឹកនាំ ស្ថាប័នរដ្ឋ អ្នកវិនិយោគ ក៏បានផ្ញើសារគាំទ្រដូចប្រជាពលរដ្ឋផងដែរ ដោយបញ្ជាក់ថា : សូមប្រកាសគាំទ្រទាំងស្រុង នូវសារនយោបាយពិសេសរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងនៅរសៀលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៣ ក្នុងការរៀបចំឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តី សម្រាប់នីតិកាលទី៧ នៃរដ្ឋសភានេះ ហើយទន្ទឹមនឹងនេះ សូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់តួនាទីជា នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភានេះ។
តាមរយៈសារនយោបាយពិសេសនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីនៅល្ងាចថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ខាងមុខ។
ប្រជាពលរដ្ឋ តាមអង្គភាព ស្ថាប័នរដ្ឋ ប្រកាសថា យើងខ្ញុំទាំងអស់គ្នា សូមប្រកាសគាំទ្រទាំងស្រុងចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន និងសូមប្រកាសគាំទ្រទាំងស្រុងចំពោះឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត សម្រាប់កាន់តួនាទីជានាយករដ្ឋមន្រ្តីថ្មី សម្រាប់អាណត្តិទី៧នេះ ដើម្បីបន្តដឹកនាំប្រទេសកម្ពុជា ពង្រឹងសុខសន្តិភាពកាន់តែរឹងមាំ, ប្រទេសជាតិកាន់តែមានការអភិវឌ្ឍរីកចំរើន និងមានមោទនភាព ហើយប្រជាជនកាន់តែមានជីវភាពធូរធារ និងរស់នៅប្រកបដោយសេចក្តីសុខសាន្តបន្តទៀត។
ក្នុងឱកាសដ៏ប្រសើរថ្លៃថ្លានេះ យើងខ្ញុំទាំងអស់គ្នា សូមលើកហត្ថប្រណមបួងសួង ដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ព្រមទាំងវត្ថុស័ក្តិសិទ្ធិក្នុងលោក សូមតាមជួយថែរក្សា ការពារ និងប្រោះព្រំប្រទានពរជ័យបវរសួស្តី ជ័យមង្គល និងវិបុលសុខគ្រប់ប្រការ ជូនចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត និងលោកជំទាវព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី។
សូម សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រី បានសមប្រកបតែនឹងពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ : សិលា