ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា មានកិត្តិយសជម្រាបជូនសាធារណជន ទាំងជាតិ និងអន្តរជាតិ មេត្តាជ្រាបថា តាមរយៈ “យុទ្ធនាការពលរដ្ឋល្អ សហភាពសហព័ន្ធយុវជនកម្ពុជា បានចូលរួមសង្កេតការណ៍ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា ដែលនេះ គឺជាបេសកកម្មដ៏សំខាន់របស់យុវជន ដើម្បីរួមចំណែកនៅក្នុងកិច្ចដំណើរការនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា ជាពិសេស ការឃ្លាំមើលការ បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ដែលត្រូវបានរៀបចំឡើងយ៉ាងទៀងទាត់នៅរៀងរាល់ ៥ ឆ្នាំម្តង ស្របតាមការ កំណត់នៃរដ្ឋធម្មនុញ្ញ ដែលជាច្បាប់កំពូលរបស់ជាតិ ដើម្បីប្រជាពលរដ្ឋខ្មែរទាំងពីរភេទនៅទូទាំងប្រទេស ប្រើសិទ្ធិ របស់ខ្លួនដើម្បីជ្រើសរើសមេដឹកនាំប្រទេសជាតិ តាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស ស្របតាម ច្បាប់ បទបញ្ជា និងនីតិវិធីជាធរមាន។
សហភាពសហព័ន្ធយុវជនកម្ពុជា បានបញ្ជូនសមាជិករបស់ខ្លួនសរុបចំនួន៤១ ៣៣៣ នាក់ ដើម្បីធ្វើជា អ្នកសង្កេតការណ៍នៅតាមបណ្តាការិយាល័យបោះឆ្នោតនៅទូទាំង ២៥ រាជធានី-ខេត្ត ក្នុងព្រឹត្តិការណ៍បោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅថ្មីៗនេះ។ ផ្អែកតាមរបាយការណ៍ដែលទទួលបានពីអ្នកសង្កេតការណ៍ខ្លួននៅទូទាំងប្រទេស សហភាពសហព័ន្ធយុវជនកម្ពុជា សូមធ្វើការវាយតម្លៃអំពីដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដូចខាងក្រោម៖
១. អំឡុងពេលនៃយុទ្ធនាការឃោសនាបោះឆ្នោត ៖ យុទ្ធនាការឃោសនាបោះឆ្នោតរយៈពេល ២១ ថ្ងៃ បាន ប្រព្រឹត្តទៅស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោតជាធរមាន។ គ្រប់គណបក្សនយោបាយឈរ ឈ្មោះបោះឆ្នោតបានធ្វើសកម្មភាពឃោសនារកសំឡេងឆ្នោតយ៉ាងផុសផុល ហើយបានប្រព្រឹត្តទៅដោយរលូន ក្រោមបរិយាកាសសន្តិសុខ និងសណ្តាប់ធ្នាប់ល្អប្រសើរ ពិសេស ពុំមានករណីគំរាមកំហែង ឬអំពើហិង្សាណាមួយ ដែលត្រូវបានរាយការណ៍នៅក្នុងអំឡុងពេលឃោសនាបោះឆ្នោតនេះឡើយ។
២. អំឡុងពេលបោះឆ្នោត ៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានសង្កេតឃើញប្រជាពលរដ្ឋយ៉ាងច្រើន កុះករ បានចេញទៅបោះឆ្នោត ក្នុងបរិយាកាសល្អប្រសើរ ប្រកបដោយសណ្តាប់ធ្នាប់ និងការគោរពគ្នាទៅវិញ ទៅមក ដែលនេះបានបង្ហាញច្បាស់អំពីភាពរស់រវើកនៃដំណើរការប្រជាធិបតេយ្យនៅកម្ពុជា ហើយប្រជាពលរដ្ឋ កម្ពុជាកាន់តែមានភាពចាស់ទុំខាងនយោបាយ ទាំងក្នុងការអនុវត្តករណីយកិច្ចរបស់ខ្លួនក្នុងនាមជាពលរដ្ឋល្អក្នុងសង្គមប្រជាធិបតេយ្យ ទាំងក្នុងការប្រើសិទ្ធិរបស់ខ្លួនដើម្បីជ្រើសរើសមេដឹកនាំរបស់ខ្លួន តាមរយៈការបោះឆ្នោត ដោយអនុលោមទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមានទាក់ទងនឹងការបោះឆ្នោត។
៣. ការរាប់សន្លឹកឆ្នោត ៖ ដំណើរការរាប់សន្លឹកឆ្នោត បានប្រព្រឹត្តទៅដោយមានការចូលរួមពីគ្រប់ភាគី ពាក់ព័ន្ធ រួមមាន ភ្នាក់ងាររបស់គណបក្សនយោបាយនានា អ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ ព្រមទាំងភ្នាក់ងារ សារព័ត៌មានជាតិ និងអន្តរជាតិជាច្រើន។ ចំណុចនេះ ឆ្លុះបញ្ចាំងឱ្យឃើញពីតម្លាភាព ភាពត្រឹមត្រូវ និងបើកចំហរ នៃដំណើរការរាប់សន្លឹកឆ្នោត ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមានទាក់ទងនឹងការបោះឆ្នោត។
ជាការវាយតម្លៃ និងសន្និដ្ឋានរួម សហភាពសហព័ន្ធយុវជនកម្ពុជា ពិនិត្យឃើញថា ការបោះឆ្នោត
ជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នេះ បានដំណើរការប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាម គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស និងគោលការណ៍ច្បាប់ ជាពិសេស ការបោះឆ្នោតបានប្រព្រឹត្ត ទៅដោយរលូន ក្នុងបរិយាកាសល្អប្រសើរ និងគ្មានអំពើហិង្សា គ្មានការបំភិតបំភ័យ ឬគ្មានការគំរាមកំហែង ហើយ ប្រជាពលរដ្ឋបានចេញទៅបោះឆ្នោតយ៉ាងច្រើនកុះករ ក្នុងអត្រា ៨៤,៥៨% ដែលជាអត្រាមួយខ្ពស់ជាងគ បើប្រៀបធៀបទៅនឹងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាពេលកន្លងមក។
សហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងមន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតគ្រប់លំដាប់ ថ្នាក់ ព្រមទាំងអាជ្ញាធរពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានអនុវត្តតួនាទី និងភារកិច្ចរបស់ខ្លួន ប្រកបដោយការយក ចិត្តទុកដាក់ និងស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការធ្វើឱ្យដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ បានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ ស្របតាមច្បាប់ បទបញ្ជា និងនីតិវិធីជាធរមានទាក់ទងនឹងការ បោះឆ្នោត៕
ដោយ : សិលា