ភ្នំពេញ ៖ បុរសម្នាក់ជាខ្មាន់កាំភ្លើង បានយកកាំភ្លេីងមកបាញ់សំដៅទៅលេីបុរសរងគ្រោះម្នាក់ជាច្រេីនគ្រាប់តែមិនត្រូវ បង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ និងអាជ្ញាធរមូលដ្ឋាន កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង កែងផ្លូវ៣៧១ក្នុង ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលេី ខណ្ឌមានជ័យ។
តាមសំដីបុរសជាជនរងគ្រោះបានប្រាប់ឲ្យដឹងថា មុនកេីតហេតុ បុរសជាខ្មាន់កាំភ្លើងតែងតែខឹងនិងប្រច័ណ្ឌទៅលើខ្លួនជាមួយនិងស្រ្តីម្នាក់ជាប្រពន្ធ និងធ្លាប់បានគំរាមទៅលើជនរងគ្រោះផងដែរ ។ លុះនៅម៉ោងកើតហេតុ ដោយជនរងគ្រោះបានមកឈរលេងនៅនិងមុខបន្ទប់ជួល ភ្លាមនោះស្រាប់តែលេចមុខបុរសជាជនដៃដល់ដែលជាខ្មាន់កាំភ្លើងបានបើករថយន្តម៉ាក Fordមួយគ្រឿង ពាក់ផ្លាកលេខ ភ្នំពេញ 2BT-8001 មកចុះពីផ្លូវ៣៧១មកឈប់នៅមុខបន្ទប់ជួលបុរសរងគ្រោះ ហើយក៏បានដកកាំភ្លើងបាញ់សំដៅជាច្រើនគ្រាប់តែសំណាងល្អមិនត្រូវ ដោយជនរងគ្រោះបានរត់ចូលទៅក្នុងបន្ទប់ជួលវិញយ៉ាងលឿនបង្កឲ្យមានការភ្ញាក់ផ្អើលដល់ពលរដ្ឋរស់នៅជិតខាងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានឲ្យចុះមកជួយអន្តរាគមន៍ភ្លាមៗ ។ រីឯបុរសជាខ្មាន់កាំភ្លើង ក្រោយពីបាញ់រួចបានបើករថយន្តគេចខ្លួនបាត់ស្រមោលតែម្ដង ។
ក្រោយកេីតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកេីតហេតុ និងនាំបុរសរងគ្រោះយកទៅកាន់ប៉ុស្ដ៍គបាលរដ្ឋបាលសង្កាត់ចក្រអង្រែលើ ដើម្បីសួរនាំ និងដាក់ពាក្យបណ្តឹងដើម្បីតាមរកជនដៃដល់យកមកផ្ដន្ទាទោសតាមច្បាប់ ៕ដោយ ៖ ភារ៉ា ដង្កោ