ខេត្តមណ្ឌលគិរី : សមត្ថកិច្ចខេត្តមណ្ឌលគិរី បានចុះបង្ក្រាបហើយ ទីតាំងលួចធ្វើរ៉ែមាស នៅចំណុចភូមិព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ។ យ៉ាងហោចណាស់ក៏បង្ក្រាបបានបីទីតាំងផ្សេងៗពីគ្នា ក្នុងនោះរួមមានដូចខាងក្រោម :
១-ទីតាំងរបស់ឈ្មោះ សួង វ៉ាន់ថា
២-ទីតាំងរបស់ឈ្មោះ សំ វីន
៣-ទីតាំងរបស់ឈ្មោះ ស្រ៊ុន គឹមស្រ៊ាន ។
ប្រតិបត្តិការចុះបង្ក្រាបនេះ បានធ្វើឡើងនៅថ្ងៃទី២៧-២៨ ខែកក្កដា ឆ្នាំ២០២៣ ។
សមត្ថកិច្ចបានធ្វើកំណត់ហេតុស្ដាប់ចម្លើយ និងអប់រំ បញ្ឈប់ឱ្យធ្វើសកម្មភាពទាំងនេះ ព្រោះជាអំពើល្មើសច្បាប់ អាចនឹងមានទោសទណ្ឌ បើនៅតែប្រព្រឹត្ត ដល់ពេលពួកគាត់សន្យាឈប់លួចធ្វើរ៉ែមាស ទើបសមត្ថកិច្ច អោយត្រឡប់ឱ្យទៅលំនៅឋានវិញ។
មជ្ឈដ្ឋានទូទៅ របស់ប្រជាពលរដ្ឋ គាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច ដែលបានចុះបង្ក្រាប ការលួចធ្វើរ៉ែមាស ក្នុងបទល្មើសជាក់ស្ដែងបែបនេះ។ ប៉ុន្តែក៏សំណូមពរដល់សមត្ថកិច្ច អាជ្ញាធរ ខាងជំនាញពាក់ព័ន្ធ បន្តស៊ើបអង្កេត ស្រាវជ្រាវ ឈានដល់បង្ក្រាប ទីតាំងធំៗផ្សេងៗទៀត ដូចជាទីតាំងរបស់ឈ្មួញឈ្មោះ តែ គឹមសាន មានបីទីតាំងធំៗ បានដំណើរការលួចធ្វើរ៉ែមាស មុន 2 ថ្ងៃ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី 7 មកទល់បច្ចុប្បន្ន ក៏នៅតែមានសកម្មភាពនៅឡើយ។
លោក តែ គឹមសាន ជាឈ្មួញដឹកនាំកម្មករធ្វើផ្ទាល់។ ដោយឡែកឈ្មោះជាតិ ជាអ្នករត់ការ ក្នុងនោះមានឈ្មោះ មិនា តំណាងឲ្យឈ្មោះជាតិ មើលការខុសត្រូវផ្សេងៗសម្រាប់ករណីរត់ការជំនួស ។
សង្ឃឹមថា , សមត្ថកិច្ចដែលកំពុងចុះបង្ក្រាបនេះ នឹងបន្តបង្ក្រាបទីតាំងលូចធ្វើរ៉ែមាស នៅទីនោះ គឺចំណុចភូមិព្រៃមាស ឃុំចុងផ្លាស់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី បន្តទៀត ដើម្បីជាប្រយោជន៍ ការពារ ទ្រព្យសម្បត្តិ ធនធានធម្មជាតិ របស់ជាតិយើង ។ ម្យ៉ាងវិញទៀត ការលួចធ្វើរ៉ែមាសដោយខុសច្បាប់ វាបានប៉ះពាល់យ៉ាងខ្លាំង ទៅលើការវិនិយោគរ៉ែមាស របស់ក្រុមហ៊ុនដ៏ធំដែលមានច្បាប់អនុញ្ញាតពីរាជរដ្ឋាភិបាល កំពុងដំណើរការនៅស្រុកកែវសីមា ខេត្តមណ្ឌលគិរីនោះ។ ប្រជាពលរដ្ឋ គាំទ្រចំពោះការបង្ក្រាបដែលធ្វើឡើងដោយសមត្ថកិច្ចកងរាជអាវុធហត្ថ និងបន្តលើកទឹកចិត្ត ឱ្យមានការបង្ក្រាបចំពោះទីតាំងលួចធ្វើរ៉ែមាសធំៗជាច្រើនទៀត ទទួលបានជោគជ័យ ៕
ដោយ : មជ្ឈមណ្ឌលព័ត៌មាន”នគរវត្ត”