ភ្នំពេញ៖ នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសតម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជុំវិញការផ្តន្ទាទោសលើករណីបុគ្គលញុះញង់គូសបំផ្លាញសន្លឹកឆ្នោត។
លោកកិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមប្រឹក្សាជំនំជម្រះ បានដឹកនាំសមាជិក-សមាជិកា បើកសវនាការលើបណ្តឹងតវ៉ាជំទាស់ចំនួន២សំណុំរឿងទៅលើសេចក្តីសម្រេចរបស់ គ.ជ.ប ពាក់ព័ន្ធនឹងសកម្មភាពណែនាំ និងញុះញង់ឲ្យអ្នកបោះឆ្នោតគូសបំផ្លាញ ឬធ្វើឲ្យខូចសន្លឹកឆ្នោត អំឡុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។
ក្រោយពីបានសួរដេញដោល ក្រុមប្រឹក្សាជំនុំជម្រះនៃក្រុមប្រឹក្សាធម្មនុញ្ញ បានប្រកាសតម្កល់សេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជុំវិញការផ្តន្ទាទោសលើបុគ្គលញុះញង់ឲ្យគូសបំផ្លាញសន្លឹកឆ្នោត និងសម្រេចបិទផ្លូវតវ៉ាផងដែរ។
គួរជម្រាបថា បន្ទាប់ពី គ.ជ.ប ចេញសេចក្តីសម្រេច តំណាងដើមចោទ ឬចុងចោទអាចបន្តប្តឹងជំទាស់ទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងរយៈពេល៧២ម៉ោង ខណៈក្នុងករណីបណ្តឹងដោះស្រាយបញ្ចប់ជាស្ថាពរ គ.ជ.ប នឹងធ្វើការប្រកាសលទ្ធផលបណ្តោះអាសន្ន នាថ្ងៃទី៥ សីហា និងលទ្ធផលផ្លូវការប្រកាសនាថ្ងៃទី៩ សីហាខាងមុខ៕ ដោយ៖សុរិយា