ភ្នំពេញ ; មូលហេតុ និងរោគសញ្ញានៃការហូរឈាមនៅក្នុងស្រោមខួរក្បាល!
(Hémorragie méningée spontanée ou Hémorragie sous-arachnoïdienne)
ការហូរឈាមនៅក្នុងស្រោមខួរក្បាលមានប្រហែលពី ៥ ទៅ ១០% នៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល។ វាជាប្រភេទជំងឺធ្ងន់ធ្ងរដែលប៉ះពាល់នៅលើមនុស្សវ័យក្មេង និងមានសុខភាពល្អ ហើយដែលបណ្តាលអោយស្លាប់ភ្លាមៗប្រហែលពី ៤០% ទៅ ៦០%។
ការហូឈាមនៅក្នុងស្រោមខួរក្បាលតម្រូវអោយយើងធ្វើរោគវិនិច្ឆ័យនិងការព្យាបាលបានអោយបានឆាប់រហ័សដោយមានការចូលរួមពីគ្រូពេទ្យផ្នែកសង្រ្គោះបន្ទាន់ គ្រូពេទ្យវះកាត់ប្រពន្ធ័ប្រសាទ គ្រូពេទ្យផ្នែករូបភាពអមវេជ្ជសាស្រ្ត គ្រូពេទ្យផ្នែកសណ្តំ និងប្រពោធនកម្ម។
ថ្វីត្បិតមានការរីកចំរើនផ្នែកបច្ចេកទេសថ្មីៗនៃការវះកាត់ទៅលើប្រព័ន្ធប្រសាទ ការរីកចំរើននៃផ្នែកសង្រ្គោះបន្ទាន់ និងប្រពោធនកម្មក៏ដោយ ក៏ផលវិបាកនៃការហូរឈាមនៅក្នុង ស្រោមខួរក្បាលវាបង្កជាគ្រោះមហន្តរាយមួយធ្ងន់ធ្ងរក្នុងន័យនៃការស្លាប់ និងពិការភាព ។
១) មូលហេតុនៃការហូរឈាមក្នុងស្រោមខួរក្បាលរួមមាន៖
– ៨០% បណ្តាលមកពីការដាច់សរសៃឈាមដែលរីកប៉ោង នៅក្នុងខួរក្បាល
– មូលហេតុផ្សេងៗទៀតអាចបណ្តាលមកពី៖
• ការដាច់សរសៃឈាមមិនប្រក្រតីពីកំណើតរវាងសរសៃឈាមវ៉ែន និងអាក់ទែ ។
• ការប៉ះទង្គិចក្បាលដោយប្រការផ្សេងៗ
• ការព្យាបាលដោយថ្នាំប្រឆាំងកុំអោយឈាមកករយៈពេលយូរ
• ការឡើងសម្ពាធឈាមដោយគំហុក
• ការពុលសារជាតិពុលមួយចំនួនដូចជា monoxyde de carbone ou intoxications médicamenteuses
២) កាលៈទេសៈដែលធ្វើអោយដាច់សរសៃឈាមដែលប៉ោង៖
– នៅពេលតប់ប្រមល់ (Stress)
– នៅពេលប្រឹងធ្វើការ
– នៅពេលរំភើបចិត្តខ្លាំង
– នៅពេលត្រូវកំដៅថ្ងៃខ្លាំង
– នៅពេលស្រវឹងស្រា
៣) រោគសញ្ញា៖
– ៨៥% ទៅ ៩៥% គឺឈឺក្បាលខ្លាំងកើតឡើងភ្លាមៗខុសពីធម្មតា ហើយឈឺកាន់តែខ្លាំង នៅពេលត្រូវពន្លឺ ឬពេលលឺសំឡេង។ ហើយការឈឺចាប់នេះវាមិនបាត់ ដោយការលេបថ្នាំបំបាត់ការឈឺចាប់ទេ។
– ឈឺក្បាលខ្លាំងមានរួមជាមួយចង្អោរ ឬក្អួត។
– ឈឺក្បាលខ្លាំងបន្ទាប់មកមានបាត់បង់ស្មារតីមួយភ្លែត រួចហើយដឹងខ្លួនវិញ តែបើការបាត់បង់ស្មារតីនេះស្ថិតនៅយូរ ជាសញ្ញាធ្ងន់ធ្ងរ។
– ការប្រកាច់ចាប់ផ្តើមភ្លាមៗ រួមជាមួយនឹងការបាត់បង់ស្មារតី។ នៅពេលដឹងខ្លួនមកវិញមានឈឺក្បាលខ្លាំង និងក្អួត ឬចង្អោរ។
– ជួនកាលចាប់ផ្តើមឡើងសន្លប់តែម្តង គឺជាសញ្ញាមួយធ្ងន់ធ្ងរ ចំពោះអ្នកហូរឈាមនៅក្នុងស្រោមខួរក្បាល។
– និយាយមិនរួច (aphasie)
– ស្ពឹក ឬស្លាប់មួយចំហៀងខ្លួន (Hémiparésie ou hémiplégie)
– មើលឃើញរូបពីរ (diplopie)
៤) រោគវិនិច្ឆ័យត្រូវពឹងផ្អែកលើ៖
– ការសែ្កនណែរខួរក្បាល(Scanner cérébral)
– ការបូមទឹកខួរឆ្អឹងខ្នង (Ponction lombaire) ទឹកខួរឆ្អឹងមានឈាមតែមិនកក (Liquide xanthochromique)
៥) ការការពារ៖
– លុបបំបាត់កត្តាហានិភ័យដូចជា ការជក់បារី ការសេពគ្រឿងស្រវឹង ការប្រើប្រាស់ថ្នាំប្រភេទអ័រម៉ូនមួយចំនួន ការប្រើប្រាស់គ្រឿងញៀនជាដើម។ល។
– យើងអាចធ្វើសែ្កនណែរខួរដើម្បីរកសរសៃឈាមក្នុងក្បាល ដែលរីកប៉ោងហើយយើងអាចព្យាបាលវា មុនវាបែក។
“ការហូរឈាមនៅក្នុងស្រោមខួរក្បាល ជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឲ្យមានការធ្វើរោគវិនិច្ឆ័យអោយបានឆាប់រហ័ស និងធ្វើការព្យាបាលអោយបានទាន់ពេល នៅមន្ទីរពេទ្យដែលមានឯកទេសវះកាត់ប្រព័ន្ធប្រសាទ និងក្រុមការងារជំនាញពាក់ពន្ធ័ពហុឯកទេស។” នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ : សហការី