ខេត្តស្វាយរៀង: លោក ស៊ូម៉ុល អភិបាលស្រុករមាសហែកបានថ្លែងថា ការបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល និងបញ្ហាប្រឈម។
ការថ្លែងបែបនេះធ្វើឡើងនាព្រឹកថ្ងៃទី២ខែសីហាឆ្នាំ២០២៣ ក្នុងពិធីបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាថ្នាក់ស្រុករមាសហែកដែលមានការចូលរួមពីសំណាក់លោក អុិនសាបន ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលរងស្រុក នាយករដ្ឋបាលស្រុក កងកំលាំងទាំង៣ សមាជិកក្រុមប្រឹក្សាស្រុក លោកប្រធានភូមិបាលស្រុក លោក លោកស្រីជាមេឃុំទាំង៤ មានឃុំអំពិល ឃុំត្រស់អណ្ដូងត្របែកនិងឃុំគគីរ លោកមេប៉ុស្តិ៍តដ្ឋបាលនិងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។
មានប្រសាសន៍ក្នុងវេទិការនោះ លោកអុិនសាបន ប្រធានក្រុមប្រឹក្សាស្រុក ក៏បានថ្លែងអំណរគុណចំពោះវត្តមានលោក លោកស្រី មន្ត្រីរាជការ សមាជិក សមាជិការនៃអង្គវេទិការ និងប្រជាពលរដ្ឋទាំងមូលដែលបានចូលរួមក្នុងវេទិកានេះ ពិតជាបានបង្ហាញឲ្យឃើញពីការប្តេជ្ញាចិត្តចូលរួមសហការយ៉ាងខ្លាំងក្លានៅក្នុងដំណើរការ នៃការគាំទ្រ និងជំរុញការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ស្របតាមក្របខ័ណ្ឌ យុទ្ធសាស្ត្រ ស្តីពីកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ឲ្យកាន់តែទទួលបានលទ្ធផលជោគជ័យថ្មីៗថែមទៀត បម្រើឱ្យសេចក្តីត្រូវការពិតប្រាកដរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
ក្នុងឱកាសនោះ លោកស៊ូម៉ុល អភិបាលស្រុករមាសហែក បានបន្ថែមថា វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាស្រុក បានផ្តល់ឱកាសដល់ក្រុមប្រឹក្សាគ្រប់ថ្នាក់ អ្នកពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់អាចចូលរួមក្នុងការផ្តល់មតិយោបល់ចំពោះការអភិវឌ្ឍមូលដ្ឋាន សមិទ្ធផល បញ្ហាប្រឈម និងទិសដៅអនុវត្តនាពេលខាងមុខរបស់រដ្ឋបាលស្រុក និងសំណូមពរនានា សម្រាប់ការពិភាក្សា និងតាមរយ:ការឆ្លើយតបបានទាន់ពេលវេលាពីស្ថាប័នជំនាញ និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីឈានទៅធ្វើការកែលម្អ និងដោះស្រាយឲ្យកាន់តែល្អប្រសើរស្របទៅនឹងតម្រូវការជាអាទិភាព និងការកាត់បន្ថយភាពក្រីក្រ៕ដោយ៖សុថាន