កម្ពុជា​គ្រោងនាំចេញជ្រូករស់ទៅកាន់ប្រទេសវៀតណាម

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារក្រៅប្រទេស​ កម្ពុជាកំពុងគិតគូរជំរុញការនាំចេញជ្រូករស់ ទៅកាន់ប្រទេសវៀតណាម ខណៈទីផ្សារនៅប្រទេសនោះបានកំពុងងើបឡើង ដែលនឹងជួយរក្សាស្ថិរភាពតម្លៃជ្រូករស់ក្នុងស្រុក ដែកកំពុងស្រុតចុះ។​ នេះបេីយោង​តាមការបញ្ជាក់ពី​លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វជ្រូកនៅកម្ពុជា បានថ្លែងឱ្យដឹងនៅព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣។

ប្រធានសមាគមអ្នកចិញ្ចឹមសត្វជ្រូករូបនេះ បានលើកឡើងថា ជុំវិញការផ្គត់ផ្គង់ជ្រូករស់ និងសាច់ជ្រូកនៅលើទីផ្សារ នាប៉ុន្មានឆ្នាំ​ចុងក្រោយ ​ផលិតកម្មចិញ្ចឹមជ្រូកនៅកម្ពុជា បានឆ្លើយតបតាមតម្រូវការទីផ្សារ ​បាន​គ្រប់គ្រាន់ ​ដោយកម្ពុជាលែងមានការនាំជ្រូករស់ចូល​ពីប្រទេសជិតខាងទៀតហើយ ស្របពេល​ការចិញ្ចឹម​ជ្រូកក្នុងស្រុកមានការរីកចម្រើន​ និងមានកសិដ្ឋានតូច-ធំ ជាច្រើនបានដំណើរលើ​ផលិតកម្ម​ផ្នែកនេះ។

លោក ស្រ៊ុន ពៅ បានបន្តថា ចំណែកតម្លៃលក់វិញ សម្រាប់ទីផ្សារក្នុងស្រុក តម្លៃជ្រូករស់​នាពេលកន្លងមកបានហក់ឡើងដល់ ​៩ ៣០០ រៀល ក្នុងមួយគីឡូក្រាម តែមកដល់បច្ចុប្បន្នតម្លៃ​នេះបានធ្លាក់ចុះ, ដែលការធ្លាក់ចុះនេះ ​ព្រោះនៅក្នុងរដូវវស្សាប្រជាពលរដ្ឋមួយចំនួនធំ ​ជាពិសេស​ប្រជាពលរដ្ឋនៅតាមជនបទ ​ពួកគាត់អាចរកត្រីសាច់សម្រាប់​ផ្គត់ផ្គង់​ការហូបចុកបានមួយចំនួនធំ។ សមាគម​បានសង្កេតឃើញថា ​តម្លៃជ្រូករស់នៅប្រទេសវៀតណាម ​កំពុងមានសម្ទុះងើបឡើង ក្នុងនោះដើម្បី​ជួយដល់កសិករ ​បច្ចុប្បន្នក្រសួងស្ថាប័នពាក់ព័ន្ធកំពុងជួយសម្រួលលើបញ្ហាទាំងនេះ ដើម្បីជំរុញការនាំចេញជ្រូករស់ទៅកាន់ប្រទេសវៀតណាម។

...

ប្រធានសមាគមរូបនេះ​ បានគូសបញ្ជាក់ថា​ ជុំវិញការនាំចេញជ្រូករស់ទៅប្រទេសវៀតណាមនេះដែរ កាលពីពេលថ្មីៗនេះ កសិករអ្នកចិញ្ចឹមជ្រូក ​ក៏ដូចប្រជាពលរដ្ឋមួយចំនួន មានការយល់ច្រឡំ អំពីការនាំជ្រូកពីប្រទេសជិត​ខាងចូលមកកម្ពុជា ។ ចំពោះបញ្ហាទាំងនេះ គឺក្រសួងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា ​គឺបានអនុញ្ញាតឱ្យ​ក្រុមហ៊ុននាំចេញជ្រូកពីប្រទេសថៃ​ ឆ្លងកាត់ប្រទេសកម្ពុជា​ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ដោយ​មិនមែន​នាំចូលទីផ្សារកម្ពុជានោះទេ៕ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print