ខេត្តកណ្ដាល: ជនសង្ស័យជាមុខសញ្ញាលួចយ៉ាងសកម្ម២នាក់ ក្នុងចំណោមបក្ខពួក៥នាក់ ត្រូវបាននគរបាលស្រុកលើកដែកឃាត់ខ្លួន បន្ទាប់ពីជនសង្ស័យខាងលើនេះ បានលួចម៉ូតូនិងម៉ាស៊ីនភ្លើងរបស់ប្រជាពលរដ្ឋ ។ ករណីឃាត់ខ្លួននេះបានធ្វើឡើងនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣ ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល ។
មន្ត្រីនគរបាលស្រុកលើកដែកបានឲ្យដឹងថា ជនរងគ្រោះ០២នាក់ ១.ឈ្មោះ សាន សឿន (ម្ចាស់ម៉ាស៊ីនភ្លើង) ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កសិករ មានទីលំនៅ ភូមិព្រែកដាច់ ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្ត កណ្ដាល។ ២.ឈ្មោះ ក្រេង ជាបឡេង (ម្ចាស់ម៉ូតូ) ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ដឹកដី មានទីលំនៅ ភូមិតាហ៊ីង ឃុំព្រែកដាច់ ស្រុកលើកដែក ខេត្តកណ្តាល។ ជនសង្ស័យចំនួន០៥នាក់ ឃាត់ខ្លួនបាន២នាក់ ១/ឈ្មោះ រឿង ចាន់ណា ភេទ ប្រុស អាយុ ៣២ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្ដាល។ មានសារធាតុញៀនក្នុងទឹកនោម ។ ២/ឈ្មោះ ង្វៀង យុំាងភឿង ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិ វៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅ ភូមិថ្មី ឃុំពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។មានសារធាតុញៀនក្នុងទឹកនោម ។ រីឯជនសង្ស័យ៣នាក់ទៀតគេចខ្លួនបាត់ស្រមោល ។
ក្នុងករណីចាប់ខ្លួននេះដែរ នគរបាលបានដកហូតសម្ភារៈ កាំភ្លើងខ្យល់កែច្នៃប្រវែង ១.១០ម៉េត្រ ចំនួន ០១ដើម -ពិលហ្វាពាក់លើក្បាលចំនួន ០១ -កន្រ្តៃដែកចំនួន ០១ -កណ្តៀវដងឬស្សីផ្លែដែកប្រវែង ០.៥០ ម៉ែត្រចំនួន ០១ -កូនសោចំនួន០២ដើម -កូនកាំបិតចិតបន្លែដងឈើចំនួន ០១ -ទូលរឺវីសចំនួន ០៣ -ដុំអាំងវ៉ាងទ័រឆក់ត្រី ចំនួន ០១ និងដង ឬស្សីប្រវែង ២ ម៉ែត្រ ចំនួន ០២ ដើម -ដែកកាប់ដែកចនួន ០១ -ទូរស័ព្ទចំនួន ០២ គ្រឿង ម៉ាក icoll ពណ៌ខ្មៅចំនួន ០១ គ្រឿងនិងម៉ាក Nokia ចុចពិលពណ៌ខ្មៅចំនួន ០១ គ្រឿង -ម៉ាស៊ីនភ្លើងម៉ាក OHV កម្លាំង ៧.៥ សេស ពណ៌ក្រហមចំនួន ០១ គ្រឿង
ប្រភពដដែលបន្តថា ក្រោយពីទទួលពាក្យបណ្ដឹងស្តីពីការបាត់ ម៉ាស៊ីនភ្លើង និង បាត់ម៉ូតូ ពីឈ្មោះ សាន សឿន និងឈ្មោះ ក្រេង ជាបឡេង ភ្លាមនោះ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២៣ ពេលវេលាម៉ោង ៦ :និង៣០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលព្រែកដាច់ បានសហការជាមួយ កម្លាំងជំនាញ នគរបាលយុត្តិធម៌ស្រុកនិង កម្លាំងប៉ុស្តិ៍រដ្ឋបាលពាមរាំង ធ្វើការស្រាវជ្រាវ និង កំណត់មុខសញ្ញា ឈានធ្វើការឃាត់ខ្លួនជន សង្ស័យ បានចំនួន២នាក់ គឺ១/ឈ្មោះ រឿង ចាន់ណា (ហៅ ចិន ) ២/ឈ្មោះ ង្វៀង យុំាងភឿង រួចក៏បានធ្វើការសាកសួរ ជនសង្ស័យទាំងពីរនោះបានសារភាពថា ខ្លួនមាន បក្ខពួកចំនួន០៥នាក់ ពិតជាបានលួចម៉ូតូនិងម៉ាស៊ីនភ្លើងប្រាកដមែន។ បន្ទាប់មក កម្លាំងនគរបាលបានយកវត្ថុតាង និងជនសង្ស័យបញ្ជូន មកផ្នែកជំនាញនគរបាលយុត្តិធម៌ ដើម្បីកសាងសំណុំរឿងនិងចាត់ការតាមនីតិវិធី៕ដោយ៖ស្អាងជ័យ