សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន​ នាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក

ចែករំលែក៖

ភ្នំពេញ៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ព្រមទាំងសាច់ញាតិក្រុមគ្រួសារ និងប្រតិភូអមដំណើរ បានអញ្ជើញបូជាទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈបូជាជាច្រើនទៀត ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យមួយចំនួន វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក នៅខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ​ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៣នេះ។

សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លាមួយ ក្នុងព្រះពុទ្ធសាសនា ដែលតែងតែដឹកនាំមន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃកាកបាទក្រហមកម្ពុជា និងមន្ដ្រីជាច្រើនផ្នែកទៀត នាំយកទេយ្យវត្ថុជាច្រើន រួមទាំងបច្ច័យ ប្រគេនព្រះសង្ឃ គង់នៅតាមវត្ដអារាម ដើម្បីទ្រទ្រង់ និងជ្រោងទង់ព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរីកចម្រើន។

ទោះស្ថិតនៅក្នុងកាលៈទេសៈណាក៏ដោយ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏នៅតែងតែយកចិត្ដទុកដាក់ ហើយគិតគូរខ្វល់ខ្វាយពីការខ្វះខាត របស់ព្រះសង្ឃនៅតាមវត្ដអារ៉ាម ជាក់ស្ដែងពិធីបុណ្យចូលព្រះវស្សាឈានមកដល់នេះ។

តាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមនៅកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌។ ការចូលវស្សាជារៀងរាល់ឆ្នាំ គឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវស្សាជារដូវភ្លៀង ដែលប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃលំបាកក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ ហើយក៏ជាពេលវេលាដែលភិក្ខុសង្ឃទាំងឡាយ ត្រូវប្រតិបត្តិសិក្សាពីធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនផងដែរ។

ទន្ទឹមនឹងនោះ សម្តេចព្រះពោធិវង្សកិត្ដិបណ្ឌិត អំ លឹមហេង ព្រះសង្ឃនាយករងទីមួយ និងជាព្រះប្រធានថេរសភាសង្ឃ នៃពុទ្ធសាសនានៅកម្ពុជា និងព្រះចៅអធិការវត្ដ បានជូនពរសព្ទសាធុការដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ ។

សម្តេចព្រះពោធិវង្សកិត្ដិបណ្ឌិត អំ លឹមហេង បានឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះវិញ្ញាណក្ខន្ធលោកមហាឧបាសក លីន គ្រី និងអ្នកឧកញ៉ា ព្រឹទ្ធមហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ដែលជាបិតា មាតាបង្កើតរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ព្រមទាំង វិញ្ញាណក្ខន្ធអ្នកឧកញ៉ាមហាភក្តី សប្បុរិសភោគាធិបតី ហ៊ុន នាង និងលោកយាយមហាឧបាសិកា ឌី ប៉ុក ដែលជាបិតាមាតាបង្កើតរបស់សម្តេចតេជោ ហ៊ុនសែន និងប្អូនស្រីបង្កើតសម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត លោកជំទាវ ប៊ុន សុថា ហៅ ប៊ុន សាមហ៊ីង។

សម្រាប់ទេយ្យទានសម្រាប់វត្ដរួមមាន៖ 

១៖ ទៀនព្រះវស្សា ចំនួន ៤គូ

២៖ទឹកត្រចៀកកាំ ចំនួន ២កន្ដ្រក

៣៖ ទឹក Ensure ចំនួន ១៩កេស និង១កន្ដ្រក

៤៖ ទឹកខារ៉ាបាវ ចំនួន ៣០កេស

៥៖ ទឹកក្រូច ចំនួន ១៣០កេស

៦៖ ទឹកផ្លែឈើ ចំនួន ៨កេស

៧៖ ទឹកសុទ្ធ ចំនួន ១១៤កេស

៨៖ ទឹកដោះគោខាប់ ចំនួន ១២កេស 

៩៖អូវ៉ាន់ទីន ចំនួន ១២កេស

១០៖ មៀនកំប៉ុង ចំនួន ១២កេស

១១៖ តែ ចំនួន ២២កញ្ចប់

១២៖ ស្ករស ចំនួន ១១០គីឡូក្រាម

១៣៖ កាហ្វេហ្គោលរ៉ុស ចំនួន ១០០កញ្ចប់ធំ និង២កន្ដ្រក

១៤៖ អង្គរផ្កាម្លិះ ចំនួន ៣តោន 

១៥៖ មីម៉ាម៉ា ៦កេសធំ និងមីជាតិ ៦០កេសតូច

១៦៖ ត្រីខ ចំនួន ១២កេស

១៧៖ ត្រីងៀត ចំនួន ២កន្ដ្រក 

១៨៖ សាច់ក្រក ចំនួន ២កន្ដ្រក

១៩៖ ប្រេងម៉ាស៊ូត ចំនួន ១១កោន និងបច្ច័យចំនួនទៀត។

នាឱកាសនោះ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​ ក៏បានជូនតាជីយាយជីចំនួន​ ១០០នាក់​ នូវក្រណាត់ស​ ១ដុំ​ និងថវិកា​ ចំនួន៥ម៉ឺនរៀលផងដែរ៕ដោយ៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print