ភ្នំពេញ ៖ បុរសម្នាក់បានបេីករថយន្តម៉ាក Toyota Prius មួយគ្រឿងក្នុងល្បឿនលឿន ដោយមិនប្រយ័ត្នបានរេចង្កូតរថយន្តទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវយ៉ាងពេញទំហឹងបណ្តាលឱ្យរថយន្តរងការខូចខាតជាខ្លាំង ដែលបង្កឡេីងកាលពីវេលាម៉ោង១០ និង៣០នាទីយប់ថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៧១ ក្នុងសង្កាត់ទួលទំពូងទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា នៅពេលកើតហេតុ គេឃើញរថយន្តមួយគ្រឿងម៉ាក Toyota Prius ពណ៌ទុយយោទឹក ពាក់ផ្លាកលេខភ្នំពេញ2BS-1019បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវលេខ២៧១ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឱ្យរថយន្តបង្កខូចខាតមួយចំហៀងមុខផ្នែកខាងឆ្វេង រីឯរបាំងថ្មខូចខាតតិចតួច តែក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យមានមនុស្សរងរបួសនោះឡេីយ។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទំនាក់ទំនងទៅមន្ត្រីជំនាញចរាចរណ៍ឱ្យចុះមកធ្វេីការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដេីម្បីឱ្យម្ចាស់ចូលខ្លួនមកដោះស្រាយតាមនីតិវិធី ៕ដោយ ៖ ភារ៉ា ដង្កោ