ប៉ូលិសកូរ៉េខាងត្បូងនឹងបង្កើនការយាមល្បាតក៏ដូចជាធ្វើប្រតិបត្តិការដើម្បីការពារនិងគ្រប់គ្រងមនុស្សគួរឱ្យសង្ស័យនៅតាមដងផ្លូវ បន្ទាប់ពីការវាយប្រហារដោយកាំបិតជាច្រើនបានកើតឡើងនៅក្នុងប្រទេសនេះ។
យោងតាមទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់ លោក Yoon Hee-keun អគ្គស្នងការនៃទីភ្នាក់ងារប៉ូលិសជាតិកូរ៉េខាងត្បូង (NPA) បាននិយាយថា “ខ្ញុំប្រកាសពីសកម្មភាពពិសេសរបស់ប៉ូលិស ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មដ៏សាហាវប្រឆាំងនឹងសាធារណជន រហូតដល់ការព្រួយបារម្ភរបស់ប្រជាជនត្រូវបានធូរស្រាល” ។
ប៉ូលិសកូរ៉េខាងត្បូងដែលត្រូវបានអនុញ្ញាតឱ្យកាន់កាំភ្លើង ប៉ុន្តែជាញឹកញាប់មានកម្រិតប្រើប្រាស់តិចតួច “ស្ទាក់ស្ទើរក្នុងការប្រើប្រាស់ឧបករណ៍ស្របច្បាប់ដូចជាអាវុធ” ប្រឆាំងនឹងឧក្រិដ្ឋជនដែលមានកាំបិត។ នេះបើយោងតាមរបាយការណ៍ដែលបានឱ្យដឹងថាមេប៉ូលិសបាននិយាយ។
វិធានការកើនឡើងត្រូវបានប្រកាសបន្ទាប់ពីការវាយប្រហារដោយកាំបិតជាលើកទីពីរក្នុងរយៈពេលត្រឹមតែពីរថ្ងៃចុងក្រោយនេះ ដែលជាឧប្បត្តិហេតុដែលបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងចំណោមមតិសាធារណជនកូរ៉េខាងត្បូង។
ថ្ងៃនេះ យុវជនម្នាក់បានចាក់សម្លាប់គ្រូបង្រៀននៅវិទ្យាល័យមួយក្នុងទីក្រុង Daejeon ។ បើតាមសមត្ថកិច្ច ជនសង្ស័យមានអាយុ២០ឆ្នាំ បានមកចាំគ្រូដើរចេញពីថ្នាក់រៀនមុននឹងចាក់ជនរងគ្រោះ។ បន្ទាប់មកជននោះបានរត់គេចខ្លួនបាត់ ហើយត្រូវបានចាប់ខ្លួន។
មួយថ្ងៃមុននេះ យុវជនម្នាក់ក្នុងវ័យ២០ឆ្នាំបានបើកឡានបុកអ្នកធ្វើដំណើរ រួចចុះពីឡានទៅចាក់មនុស្សជាច្រើននាក់នៅផ្សារទំនើប Seongnam ទីក្រុងសេអ៊ូល។ រហូតដល់ទៅ១៤នាក់បានរងរបួសក្នុងនោះមាន២នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរក្នុងឧបទ្ទវហេតុនោះ៕ ដោយធីរីណា
រូបថត: AP