ភ្នំពេញ ៖ សម្ព័ន្ធអង្គការ សមាគមក្រៅរដ្ឋាភិបាល ចំនួន ២១ស្ថាប័ន បានចេញសេចក្តីថ្លែងការណ៍រួមគ្នាប្រកាសគាំទ្រលទ្ធផលផ្លូវការ នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលបានប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ នេះ។
ដោយបញ្ជាក់ថា : យើងខ្ញុំទាំងអស់គ្នា ជាតំណាងឱ្យអង្គការ សមាគមក្រៅរដ្ឋាភិបាល ចំនួន ២១ បានតាមដាន និងអង្កេតយ៉ាងយក ចិត្តទុកដាក់បំផុត ចាប់តាំងពីដំណើរការឃោសនា ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការប្រកាសលទ្ធផល ព្រមទាំងបានដាក់អ្នកសង្កេតការណ៍ជាតិ ដើម្បីចូលរួមសង្កេតការណ៍ក្នុងដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដែលរៀបចំដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។ យើងខ្ញុំបានកត់សម្គាល់ឃើញថា ទាំងដំណើរការឃោសនា ការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងទាំងការប្រកាស លទ្ធផល នៃការបោះឆ្នោត គឺបានប្រព្រឹត្តទៅប្រកបដោយលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស យុត្តិធម៌ តម្លាភាព គ្មានអំពើហិង្សា និងគ្មានការគំរាមកំហែង។
យោងតាមបរិយាកាសដ៏ល្អបំផុត នៃដំណើរការបោះឆ្នោតនេះ យើងខ្ញុំតំណាងឱ្យអង្គការ សមាគម ទាំង ២១ សូមប្រកាសគាំទ្រទាំងស្រុងចំពោះលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ដែលបាន ប្រកាសដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ នេះ៕