កាលពីថ្ងៃទី 4 ខែសីហា ភ្លើងឆេះព្រៃនៅជាយក្រុងនៃរដ្ឋធានីរបស់ប្រទេសអុីរ៉ង់បានបណ្តាលឱ្យមានការផ្ទុះគ្រាប់មីនដែលដាំនៅជុំវិញពន្ធនាគារដែលមានសុវត្ថិភាពខ្ពស់ជាទីដែលអ្នកទោសនយោបាយត្រូវបានរឃុំនៅទីនោះ។
ទីភ្នាក់ងារសារព័ត៌មាន IRNA បានរាយការណ៍ថា ឧបទ្ទវហេតុនេះបានកើតឡើងនៅប្រហែលថ្ងៃត្រង់នៅឯពន្ធនាគារ Evin នៅជាយក្រុងភាគខាងជើងនៃទីក្រុង Tehran ប៉ុន្តែមិនមានការខូចខាត ឬរងរបួសនោះទេ។
ឧបទ្ទវហេតុនេះបានកើតឡើងកំឡុងពេលមានរលកកំដៅដ៏ខ្លាំង នៅពេលដែលសីតុណ្ហភាពនៅទីក្រុងតេអេរ៉ង់នៅពេលថ្ងៃត្រង់ក្នុងថ្ងៃដដែលបានឡើងដល់ 38 អង្សាសេ។ សារព័ត៌មានអុីរ៉ង់ធ្លាប់បានលើកឡើងថា គ្រាប់មីនប្រឆាំងមនុស្សត្រូវបានដាំនៅជុំវិញពន្ធនាគារដើម្បីការពារអ្នកទោសពីការរត់គេចខ្លួន។
កាលពីខែតុលាកន្លងទៅ ភ្លើងឆេះគុកបានធ្វើឲ្យអ្នកទោសជាច្រើននាក់ស្លាប់ និងរបួស។ នៅក្នុងវីដេអូអនឡាញជាច្រើនដែលបានរីករាលដាលនៅពេលនោះ ស្នូរកាំភ្លើង និងការផ្ទុះត្រូវបានឮនៅជុំវិញពន្ធនាគារ។
ប្រព័ន្ធផ្សព្វផ្សាយអុីរ៉ង់នៅពេលនោះបានរាយការណ៍ថាការប៉ះទង្គិចគ្នាបានកើតឡើងរវាងអ្នកទោសនិងអ្នកយាមនៅក្នុងបន្ទប់។ អាជ្ញាធរបានស្តីបន្ទោសក្រុមកុប្បកម្មចំពោះអគ្គីភ័យនេះ ចំពេលមានរលកនៃការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅទូទាំងប្រទេសបន្ទាប់ពីការស្លាប់របស់ក្មេងស្រីវ័យក្មេងនៅក្នុងប៉ុស្តិ៍ប៉ូលីសសីលធម៌មួយ៕
រូបថត:tienphong.vn