ភ្នំពេញ៖ យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង ! ខណៈករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេសកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ បណ្តាលឱ្យមនុស្សស្លាប់ ៣នាក់ របួសធ្ងន់ ១៨នាក់ និងស្រាល ៤៤នាក់ ។
របាយការណ៍ដដែល បានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ដែលបង្កឱ្យមានមនុស្សស្លាប់ និងរបួសសរុបចំនួន ៦៥នាក់ គឺកើតឡើងដោយសារការប៉ះទង្គិច គ្នាចំនួន ៩លើក មាន កត្តាល្បឿន ៣លើក មិនគោរពសិទ្ធ ៣លើក ប្រជែងគ្រោះថ្នាក់ ១លើក មិនប្រកាន់ស្តាំ ១លើក និងកត្តាយាន ១លើក។
ដោយឡែកនាយកដ្ឋាននគរបាលចរាចរណ៍ ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់គ្នាចូលរួមគោរពច្បាប់ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ណាមួយជាយថាហេតុ និងការពារជីវិតរបស់លោកអ្នកព្រមទាំងក្រុមគ្រួសារ។
សូមជម្រាបជូនថា កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក ជារៀងរាល់ថ្ងៃតែងតែបន្តចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទ ដែលធ្វើដំណើរលើដងផ្លូវ ចុះសម្រួលចរាចរណ៍ជូនលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សនៅតាមសាលារៀនជាប្រចាំ។
ជាមួយគ្នានោះ កម្លាំងនគរបាលចរាចរណ៍ផ្លូវគោក បានចុះផ្សព្វផ្សាយអប់រំ រៀបចំសណ្តាប់ធ្នាប់ ណែនាំដល់អ្នកបើកបរយានយន្តគ្រប់ប្រភេទដែលឈប់ចត ធ្វើដំណើរលើដងផ្លូវឱ្យបើកបរគោរពទៅតាមផ្លាកសញ្ញា, គំនូសសញ្ញា, ភ្លើងសញ្ញាចរាចរណ៍, ពាក់មួកសុវត្ថិភាព ដេីម្បីស្វែងយល់ពីច្បាប់ចរាចរណ៍៕ដោយ៖សហការី