ភ្នំពេញ : សេចក្តីប្រកាសព័ត៌មាន ខ្លឹមសារជំនួបរវាងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី ជាមួយលោក ង្វៀន ហ្វ៊ូចុង អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៣ តាមប្រព័ន្ធវីដេអូ។
សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី នៅរសៀល ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៣ម្សិលមិញនេះ បានជួបពិភាក្សាជាមួយ លោក ង្វៀង ហ្វូចុង អគ្គលេខាធិការនៃគណបក្សកុម្មុយនីស្តវៀតណាម តាមប្រព័ន្ធវីដេអូ។
ជំនួបនេះ បានធ្វើឡើងបន្ទាប់ពី គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ប្រកាសលទ្ធផលផ្លូវការ នៃការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ ដោយក្នុងនោះគណបក្សប្រជាជនកម្ពុជា មានសំឡេងខ្ពស់ជាងគេ ដោយទទួលបាន១២០អាសនៈ ដែលនឹងបន្តដឹកនាំរាជរដ្ឋាភិបាល សម្រាប់អាណត្តិថ្មី។
ខាងក្រោមនេះគឺជាសេចក្តីប្រកាសព័ត៌មាននៃជំនួបពិភាក្សាដ៏មានសារៈសំខាន់នេះ៖
ក្នុងជំនួបនេះ លោកអគ្គលេខាធិការ ង្វៀន ហ៊្វុចុង បានអបអរសាទរយ៉ាងកក់ក្តៅចំពោះជ័យជម្នះ ដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នៃរដ្ឋសភា និងបានកោតសរសើរអំពីតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជា មគ្គុទេសក៍ដ៏ឆ្នើម ដែលបង្ហាញពីការជឿជាក់ និងការគាំទ្រដ៏ខ្លាំងក្លារបស់ប្រជាជនចំពោះគណបក្សប្រជាជន កម្ពុជា។ លោកអគ្គលេខាធិការ ក៏បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលកម្ពុជាសម្រេចបានក្រោមការ ដឹកនាំរបស់ សម្តេចតេជោ ហើយក៏ជឿជាក់ថា កម្ពុជានឹងបន្តទទួលបានជ័យជម្នះថ្មីៗថែមទៀត ក្រោមការ ដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មីដែលនឹងដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត។ លោកអគ្គលេខាធិការ ក៏បានសម្តែងនូវការគាំទ្រយ៉ាងពេញទំហឹងនូវដំណើរការកសាង និង អភិវឌ្ឍប្រទេសកម្ពុជា ព្រមទាំងប្តេជ្ញារួមគ្នារក្សា ពូនជ្រុំ និងបន្តទំនាក់ទំនងដ៏ល្អប្រសើរ រវាងគណបក្ស រដ្ឋាភិបាល និងប្រជាជន នៃប្រទេសទាំងពីរ។
សម្តេចតេជោប្រធានគណបក្ស បានថ្លែងអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ លោក ង្វៀន ហ៊ូចុង ដែលបានផ្ញើលិខិតអបអរសាទរ និងជូនពរតាមទូរស័ព្ទ ចំពោះសម្តេចតេជោ និងគណបក្សប្រជាជនកម្ពុជា ដែលបានទទួលជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី ៧ ឆ្នាំ២០២៣ ដែលជាសក្ខីភាព នៃសាមគ្គីភាព និងភារតភាពដ៏រឹងមាំ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពី រ។
សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រជាជនវៀតណាមសម្រេចបានជា បន្តបន្ទាប់ក្រោមការដឹកនាំរបស់គណបក្សកុម្មុយនីស្តវៀតណាម ក្រោមការដឹកនាំរបស់ លោក ង្វៀន ហ៊្វុចុង ជាអគ្គលេខាធិការ បាននាំមកនូវការរីកចម្រើនឥតឈប់ឈរក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម ព្រមទាំងបានលើក កម្ពស់កិត្យានុភាព និងតួនាទីកាន់តែមានសារៈសំខាន់របស់វៀតណាមក្នុងវេទិកាតំបន់ និងអន្តរជាតិ។
សម្តេចតេជោ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអគ្គលេខាធិកា ង្វៀន ហ៊ូចុង ដែលបានសម្តែងអំពីការជឿជាក់ និងគាំទ្រយ៉ាងមុះមុតរបស់វៀតណាម ចំពោះគណបក្សប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត បេក្ខភាពនាយករដ្ឋមន្ត្រីថ្មីដែលទទួល បានសម្លេងឆ្នោតគាំទ្រយ៉ាងច្រើនលើសលុបពីប្រជាជនកម្ពុជា។
ភាគីទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងប្រកបដោយផ្លែផ្កា ទាំងនៅ ក្នុងក្របខ័ណ្ឌបក្ស និងរដ្ឋាភិបាល ទោះបីស្ថិតក្នុងស្ថានការណ៍វិវឌ្ឍនៃពិភពលោក ការប្រកួតប្រជែងភូមិសាស្ត្រនយោបាយដែលមានលក្ខណៈកាន់តែស្រួចស្រាល់ មិនប្រាកដប្រជា ក៏ដូចជាការទទួលរងនូវផលប៉ះពាល់ យ៉ាងខ្លាំងនៃជំងឺកូវីដ-១៩ និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការបន្តកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ី ជម្រៅ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ប្រជាជនទាំងពីរ ដោយផ្អែកលើស្មារតីភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងស្ថិរភាពយូរអង្វែង។
ថ្នាក់ដឹកនាំទាំងពីរបានផ្តល់សារៈសំខាន់ចំពោះសាមគ្គីភាព និងការជួយគ្នាទៅវិញទៅមកជាប្រពៃណី ដែលជាកត្តាចាំបាច់បំផុត ក្នុងបុព្វហេតុនៃការបង្រួបបង្រួមជាតិ និងឯកភាពទឹកដី និងការំដោះប្រជាជន ព្រម ទាំងការកសាង និងអភិវឌ្ឍប្រទេសទាំងពីរ។ ទន្ទឹមនេះដែរ ថ្នាក់ដឹកនាំទាំងពីរក៏បានសង្កត់ធ្ងន់លើសារៈ ប្រយោជន៍ក្នុងការបណ្ដុះបណ្តាលយុវជនបន្តវេន ដើម្បីរៀនសូត្រ និងដកស្រង់បទពិសោធន៍គ្នាទៅវិញទៅមក ជាពិសេស ការបញ្ជ្រាបការយល់ដឹងអំពីសច្ចភាពប្រវត្តិសាស្ត្រ ដែលនឹងរួមចំណែកដល់ការបន្តពូនជ្រុំទំនាក់ ទំនងមិត្តភាព និងសាមគ្គីភាពដ៏រឹងមាំរវាងប្រទេសទាំងពីរ។
ភាគីទាំងពីរក៏បានឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការ ក្នុងក្របខណ្ឌពហុភាគី រួមមាន អ.ស.ប និងអាស៊ាន ព្រមទាំងបន្តលើកកម្ពស់កិច្ចសហការជិតស្និទ្ធជាមួយគ្នានៅក្នុងក្របខ័ណ្ឌអនុតំបន់ ជាពិសេស ក្រប ខណ្ឌបីប្រទេស កម្ពុជា-វៀតណាម-ឡាវ និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលនឹងរួមចំណែកដល់សន្តិ ភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
នៅចុងបញ្ចប់សម្តេចតេជោប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញលោក ង្វៀន ហ៊ូចុង អគ្គ លេខាធិការ និងថ្នាក់ដឹកនាំដទៃទៀតនៃបក្សកុម្មុយនីស្តវៀតណាម មកបំពេញទស្សនកិច្ចនៅកម្ពុជា តាម ពេលវេលាសមស្រប។ ទន្ទឹមនោះដែរ លោក ង្វៀន ហ៊ូចុង អគ្គលេខាធិការ ក៏បានអញ្ជើញ សម្តេចតេជោ នាយករដ្ឋមន្ត្រី ប្រធានគណបក្សប្រជាជនកម្ពុជា និងបណ្ដាថ្នាក់ដឹកនាំកម្ពុជាទៅបំពេញទស្សនកិច្ចនៅ ប្រទេសវៀតណាម តាមពេលវេលាសមស្របផងដែរ៕
ដោយ : សុខ ខេមរា