នៅថ្ងៃទី ៦ខែសីហា យោធានីហ្សេបានសម្រេចបិទដែនអាកាស នៅពេលដែលឱសានវាទរបស់បណ្តាប្រទេសលោកខាងលិចដើម្បីបង្ខំឱ្យក្រុមធ្វើរដ្ឋប្រហារយោធាផ្តល់អំណាចដល់ប្រធានាធិបតីស៊ីវិល វិញ ។
សារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៧ ខែសីហា ឆ្នាំ២០២៣បានផ្សាយថា មេដឹកនាំធ្វើរដ្ឋប្រហារនៅក្នុងប្រទេសនីហ្សេបានបិទដែនអាកាសជាបណ្ដោះអាសន្ន បន្ទាប់ពីទាត់ចោលឱសានវាទរបស់ក្រុមប្រទេសអាហ្វ្រិកខាងលិច ជុំវិញការប្រគល់អំណាចទៅឱ្យលោកប្រធានាធិបតី ម៉ូហាម៉េដ បាហ្សូម (Mohamed Bazoum) វិញ បើពុំដូច្នោះទេនឹងត្រូវប្រឈមមុខនឹងការធ្វើអន្តរាគមន៍យោធា។
ការប្រកាសពីការបិទដែនអាកាសខាងលើ ធ្វើឡើងកាលពីថ្ងៃអាទិត្យចុងសប្ដាហ៍កន្លងទៅនេះ ក្នុងពេលតែមួយដែលប្រជាជននីហ្សេរាប់ពាន់នាក់ប្រមូលផ្ដុំគ្នានៅឯកីឡដ្ឋានមួយក្នុងរដ្ឋធានី នីញ៉ាម៉េ ដើម្បីបង្ហាញការគាំទ្រដល់មេដឹកនាំធ្វើរដ្ឋប្រហារ។ អ្នកនាំពាក្យយោធានីហ្សេម្នាក់បានបញ្ជាក់ថា ការសម្រេចចិត្តបិទដែនអាកាសជាបណ្ដោះអាសន្ន ធ្វើឡើងដោយសារតែការគំរាមកំហែងធ្វើអន្តរាគមន៍យោធាពីសំណាក់ក្រុមប្រទេសអាហ្វ្រិកខាងលិច។ ប៉ុន្តែអ្នកនាំពាក្យរូបនេះមិនបានបញ្ជាក់អ្វី លម្អិតបន្ថែមនោះទេ ដោយគ្រាន់តែគូសបញ្ជាក់ដូច្នេះថា «នៅចំពោះមុខការគំរាមកំហែងធ្វើអន្តរាគមន៍យោធាដែលកំពុងលេចចេញកាន់តែច្បាស់តាមរយៈការត្រៀមលក្ខណៈនៃបណ្ដាប្រទេសជិតខាង ដែនអាកាសនីហ្សេនឹងត្រូវបិទជាបណ្ដោះអាសន្នចាប់ពីថ្ងៃអាទិត្យនេះតទៅ (ទី៦ ខែសីហា) ចំពោះគ្រប់យន្ដហោះទាំងអស់ រហូតទាល់តែមានការជូនដំណឹងជាថ្មី»។
រដ្ឋប្រហារនៅក្នុងប្រទេសនីហ្សេដែលបានផ្ទុះឡើងកាលពីថ្ងៃទី២៦ ខែកក្កដាកន្លងទៅ គឺជារដ្ឋប្រហារទី៧ក្នុងតំបន់អាហ្រ្វិកខាងលិចនិងកណ្ដាល ក្នុងរយៈពេល៣ឆ្នាំមកនេះ។ ក្រុមប្រទេសជាសមាជិកសហគមន៍សេដ្ឋកិច្ចនៃរដ្ឋអាហ្រ្វិកខាងលិច ឬហៅកាត់ថា ECOWAS បានប្រកាសដាក់ទណ្ឌកម្មនិងគំរាមធ្វើអន្តរាគមន៍យោធា ប្រសិនបើយោធានីហ្សេមិនព្រមដោះលែងនិងប្រគល់អំណាចឱ្យប្រធានាធិបតី ម៉ូហាម៉េដ បាហ្សូម ត្រឹមថ្ងៃអាទិត្យ ទី៦ ខែសីហា វិញទេនោះ។ ប៉ុន្តែ គិតត្រឹមថ្ងៃផុតឱសានវាទនេះ គេមិនទាន់ឃើញមានការធ្វើអន្តរាគមន៍យោធាអ្វីនោះទេ៕ ដោយធីរីណា
រូបថត: AP