ភ្នំពេញ៖ កម្ពុជា បានសម្រេចការនាំចេញអង្ករបានជិត ៥២% នៃផែនការ ៧០ម៉ឺនតោន គឺសម្រេចបានចំនួនជាង ៣៦ម៉ឺនតោន ដែលគិតជាទឹកប្រាក់មានចំនួនសរុបជាង ២៥៣លានដុល្លារសហរដ្ឋអាម៉េរិក គិតក្នុងរយៈពេល ៧ខែ ឆ្នាំ២០២៣នេះ។ នេះបើយោងតាមរបាយការណ៍ សហព័ន្ធស្រូវអង្ករកម្ពុជា។
របាយការណ៍ដដែល បានគូសបញ្ជាក់ថា ក្រុមហ៊ុននាំចេញចំនួន ៥២ក្រុមហ៊ុន បាននាំចេញអង្ករទៅកាន់គោលដៅចំនួន៥២ ដែលក្នុងនោះ ប្រទេសចិន និងតំបន់ស្វយ័តបានចំនួនជាង ១៤ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួន ៩០លានដុល្លារ។
ចំណែកការនាំចេញអង្ករទៅទៅកាន់ប្រទេសនៅក្នុងទ្វីបអឺរ៉ុបចំនួន ២៥ប្រទេស បានចំនួនជាង ១៤ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ១០០ លានដុល្លារ, ទៅកាន់ ៤ប្រទេសសមាជិអាស៊ាន ចំនួនជាង ៣ម៉ឺនតោន គិតជាទឹកប្រាក់ចំនួន ២០លានដុល្លារ, ទៅកាន់ ២២ប្រទេសផ្សេងៗទៀត បានចំនួនជិត ៥ម៉ឺនតោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២លានដុល្លារ។
សហព័ន្ធស្រូវអង្ករកម្ពុជា បានបញ្ជាក់ដែរថា ចំពោះប្រភេទអង្ករក្រអូបគ្រប់ប្រភេទចំនួន ៨២.២៩% អង្ករសចំនួន ១២.៦៣% អង្ករចំហ៊ុយ ៣.៣៦ % អង្ករសរីរាង្គចំនួន ១.៧១% និង អង្ករសគ្រាប់ខ្លីចំនួន ០.០២%។
គួរបញ្ជាក់ថា កម្ពុជា ក៏បាននាំចេញស្រូវចំនួនជាង ២,៥លានតោន ដែលគិតជាទឹកប្រាក់បានចំនួនជាង ៦៦៣ លានដុល្លារសហរដ្ឋអាមេរិក ដែលក្នុងនោះ ៦០% បាននាំចេញដោយឆ្លងកាត់ការស្នើសុំការបញ្ជាក់ឯកសារនាំចេញ ពីអាជ្ញាធរមានសមត្ថកិច្ច៕ដោយ៖សហការី