ភ្នំពេញ : មន្ត្រីជាន់ខ្ពស់បានអោយដឹងថា , នាយករដ្ឋមន្ត្រីចាំផ្ទះ និងជាប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នឹងជួបសំណេះសំណាលជាមួយសមាជិករាជរដ្ឋាភិបាលក្នុងអាណត្តិចាស់ និងសមាជិករាជរដ្ឋាភិបាលអាណត្តិថ្មី នៅទីស្នាក់ការកណ្តាលគណបក្សប្រជាជនកម្ពុជា នៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៣ ខាងមុខនេះ។
គួរឲ្យដឹងផងដែរថាបន្ទាប់ពីការបោះឆ្នោតអាណត្តិទី៧ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងទទួលបានជ័យជំនះភ្លូកទឹកភ្លូកដី សម្ដេចតេជោហ៊ុនសែនបានសម្រេចលាលែងពីតំណែងនៅថ្ងៃទី២២ ខែសីហាខាងមុខ និងបន្តវេនទៅដល់នាយករដ្ឋមន្ត្រីថ្មីគឺ លោកបណ្ឌិត ហ៊ុន ម៉ាណែត ឲ្យកាន់ការងារបន្ត។
កាលពីថ្ងៃទី៧ ខែសីហា ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនី បានសព្វព្រះរាជហឫទ័យចាប់តាំងលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីឲ្យបង្កើតគណៈរដ្ឋមន្ត្រីដើម្បីស្នើសុំការអនុម័តយល់ព្រមពីសភានៅថ្ងៃទី២១ ខែសីហាខាងមុខ។ នេះជារបត់ថ្មីមួយនៃនយោបាយក្នុងប្រទេសកម្ពុជាខណៈសម្ដេចតេជោបានលើកឡើងថា ការលាលែងពីតំណែងជានាយករដ្ឋមន្ត្រីរបស់សម្ដេចគឺដើម្បីរក្សាស្ថេរភាព និងសន្តិភាពនៅក្នុងប្រទេស។
ការទទួលបាននូវតួនាទីភារកិច្ចដ៏ឧត្តុង្គឧត្តមនេះ គឺពិតជាស័ក្តិសមជាទីបំផុត ដែល ឯកឧត្តមបណ្ឌិត ទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាពលរដ្ឋ តាមរយៈជោគជ័យនៃការបោះឆ្នោតជាតិជាតិជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៃរដ្ឋសភា កន្លងទៅថ្មីៗនេះ ហើយនេះជាសក្ខីភាពមួយ ឆ្លុះបង្ហាញអំពីការខិតខំប្រឹងប្រែងប្រកបដោយឆន្ទៈ ដ៏មោះមុតរបស់ ឯកឧត្ដមបណ្ឌិត ដែលបានលះបង់អស់កម្លាំងកាយ និងប្រាជ្ញាស្មារតីមិនខ្លាចនឿយហត់ ដើម្បីបម្រើដល់ឧត្តមប្រយោជន៍ជូនប្រជាជន និងសង្គមជាតិ៕
ដោយ : សិលា