ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅព្រឹកថ្ងៃទី៨សីហា ឆ្នាំ២០២៣នេះ បានជំនួបតាមប្រព័ន្ធវីដេអូ រវាង ជាមួយ លោក ថងលុន ស៊ីសុលីត អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវ លោកអគ្គលេខាធិការ និងជាប្រធានរដ្ឋឡាវ បានថ្លែងនូវការអបអរសាទរដែលគណបក្សប្រជាជនកម្ពុជា សម្រេចបានលទ្ធផលដ៏ត្រចះត្រចង់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា។
ទន្ទឹមនេះ លោកអគ្គលេខាធិការ ក៏បានអបអរសាទរដោយស្មោះក្នុងឱកាសដែល ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានចាត់តាំងលោកបណ្ឌិត ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៣ ហើយព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដ៏សំខាន់នេះ បានទទួលនូវការគាំទ្រយ៉ាងពេញទំហឹងពីប្រជាជនកម្ពុជា។
លោកអគ្គលេខាធិការ បានសម្តែងនូវជំនឿជឿជាក់យ៉ាងមុតមាំ និងគាំទ្រយ៉ាងពេញទំហឹងចំពោះរាជរដ្ឋាភិ បាលអាណត្តិទី៧ ក្នុងការបន្តកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជា ឲ្យបានកាន់តែរីកចម្រើនថែមទៀត ព្រមទាំងបានប្តេជ្ញានឹងបន្តពង្រឹង ទំនាក់ទំនងដ៏ល្អប្រសើររវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ។
នៅក្នុងជំនួបនេះ លោកអគ្គលេខាធិការបក្ស ថងលុន ស៊ីសុលី បានថ្លែងអំណរសាទរយ៉ាងកក់ក្តៅចំពោះជ័យជម្នះភ្លូកទឹកភ្លូកដីរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រ នីតិកាលទី៧ នៃរដ្ឋសភា និងបានស្ងើចសរសើរអំពីតួនាទីស្នូលរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាមគ្គុទេសដ៏ឆ្នើម និងប្រកបដោយចក្ខុវិស័យ ដែល ទទួលបាននូវការគាំទ្រដ៏ខ្លាំងក្លាពីប្រជាជនកម្ពុជាទាំងមូល។
៊៊សម្តេចតេជោ ប្រធានគណបក្ស បានថ្លែងអរគុណយ៉ាងស្មោះសរចំពោះ លោក ថងលុន ស៊ីសុលីត ដែលបានអបអរសាទរ និងគាំទ្រយ៉ាងពេញទំហឹង ចំពោះគណបក្ស ប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលថ្មី ដែលនឹងដឹកនាំដោយលោកបណ្ឌិត ហ៊ុន ម៉ាណែត ដែលឆ្លុះបញ្ចាំងនូវភាតរភាព និងសាមគ្គីភាពដ៏រឹងមាំ និងភាពដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងរវាងប្រទេសទាំងពីរ។
សម្ដេចតេជោ បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលគួរអោយកត់សម្គាល់ ដែលប្រជាជនឡាវ សម្រេចបានជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់គណបក្សប្រជាជនបដិវត្តន៍ឡាវ ដែលមាន លោក ថងលុន ស៊ីសុលី ជាអគ្គលេខាធិការ ដែលនាំមកនូវការរីកចម្រើនជាបន្តបន្ទាប់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមព្រមទាំងបានលើកកម្ពស់កិត្យានុភាព និងតួនាទីកាន់តែមានសារៈសំខាន់របស់ឡាវទាំងក្នុងវេទិកាតំបន់និងអន្តរជាតិ។
ថ្នាក់ដឹកនាំគណបក្សទាំងពីរបានអបអរសាទរទិវាអាស៊ាន ៨ សីហា ក្នុងឱកាសដែលប្រទេសសមាជិក អាស៊ានទាំងអស់កំពុងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៥៦ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។
ឆ្លៀតក្នុងឱកាសនេះដែរ សម្ដេចតេជោ ក៏បានបញ្ជាក់នូវការគាំទ្រយ៉ាងពេញលេញរបស់កម្ពុជាចំពោះឡាវ ជាប្រធានអាស៊ានឆ្នាំ២០២៤។ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្ការវាងគណបក្ស និងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ទោះបីស្ថិតក្នុងស្ថានការណ៍វិត្តន៍យ៉ាងឆាប់រហ័ស និងមិនប្រាកដប្រជា របស់ពិភពលោក និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរបស់ប្រទេសមហាអំណាចដែលកាន់តែស្រួចស្រាល់ និងស្មុគស្មាញក៏ដោយ ក៏គណបក្ស និងរដ្ឋាភិបាលទាំងពីររក្សាបាននូវទំនាក់ទំនងជិតស្និទ្ធ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការផ្លាស់ប្តូរយោបល់តាមប្រព័ន្ធវីដេអូ និងទូរសព្ទ ទាំងថ្នាក់កំពូល និងថ្នាក់មូលដ្ឋាន។
ថ្នាក់ដឹកនាំទាំងពីរបានគូសបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងចំណងមិត្តភាពដ៏ជិតស្និទ្ធ និង សាមគ្គីភាពដ៏រឹងមាំ ការជួយគាំទ្រគ្នាទៅវិញ ទៅមក និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងគណបក្ស រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសផ្តោតការយកចិត្តទុកដាក់លើការបណ្តុះបណ្តាល យុវជនបន្តវេន ដើម្បីរក្សា និងបន្តពូនជ្រុំទំនាក់ទំនងដ៏ល្អប្រសើរ និងយូរអង្វែងនៃប្រជាជាតិទាំងពីរ។ថ្នាក់ដឹកនាំគណបក្សទាំងពីរក៏បានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌពហុភាគី · រួមមានអង្គការសហប្រជាជាតិ (អ.ស.ប )និងអាស៊ាន ព្រមទាំងបន្តលើកកម្ពស់កិច្ចសហការជិតស្និទ្ធនៅក្នុងក្របខណ្ឌអនុតំបន់ ជាពិសេសក្របខណ្ឌបីប្រទេស កម្ពុជា-ឡាវ-វៀតណាម និងកិច្ចសហប្រតិបត្តិការអនុតំបន់មេគង្គ ដែលនឹង រួមចំណែកដល់ការពង្រឹងសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។
នៅចុងបញ្ចប់ សម្តេចតេជោ ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញឯកឧត្តម ថងលុន ស៊ីសុលីត អគ្គលេខាធិការគណបក្សប្រជាជនបដិវត្តន៍ឡាវ និងថ្នាក់ដឹកនាំឡាវដទៃទៀតមកបំពេញ ទស្សនកិច្ចនៅកម្ពុជា។
ទន្ទឹមនេះ លោកអគ្គលេខាធិការ ក៏បានអញ្ជើញសម្តេចតេជោ និងបណ្តាថ្នាក់ ដឹកនាំកម្ពុជាទៅបំពេញទស្សនកិច្ចនៅប្រទេសឡាវ តាមពេលវេលាសមស្របផងដែរ។
សូមបញ្ជាក់ថា, នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បានអបអរសាទរចំពោះលោក ហ៊ុន ម៉ាណែត ដែលត្រូវបានព្រះមហាក្សត្រចាត់តាំងជានាយករដ្ឋមន្រ្តីថ្មីនៃកម្ពុជា និងបានផ្ញើសារជូនពរដល់សម្តេចតេជោ ហ៊ុន សែន ដែលជាឪពុកនាយករដ្ឋមន្រ្តីថ្មី ហើយក៏ជាមេដឹកនាំដែលផុតអាណត្តិ។
ក្នុងលិខិតអបអរសាទរផ្ញើជូនលោកបណ្ឌិត ហ៊ុន ម៉ាណែត ចុះថ្ងៃទី២៦ ខែកក្កដា និងចេញផ្សាយដោយក្រសួងការបរទេស (MFA) នៅថ្ងៃទី៧ ខែសីហា នាយករដ្ឋមន្រ្តីសិង្ហបុរី លោក Lee Hsien Loong បានកត់សម្គាល់ពីទំនាក់ទំនងដ៏យូរអង្វែង និងមិត្តភាពរវាងសិង្ហបុរី និងកម្ពុជា ខណៈទំនាក់ទំនងទ្វេភាគីប្រទេសទាំងពីរបានរីកចម្រើនចាប់តាំងពីកិច្ចប្រជុំចុងក្រោយនៅក្នុងឆ្នាំ២០១៨ នៅពេលដែលលោក ហ៊ុន ម៉ាណែត បានទៅទស្សនកិច្ចនៅប្រទេសសិង្ហបុរីក្នុងនាមជាសមាជិក Lee Kuan Yew Exchange Fellow លើកទី៦៤។
សារលិខិតជូនពរមានខ្លឹមសារថា៖ «យើងបានបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ ជំនួយបច្ចេកទេស ក៏ដូចជាការផ្លាស់ប្តូរយោធាទៅយោធា ក្រោមការដឹកនាំរបស់អ្នកជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ។ យើងក៏បានពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ថ្មី និងកំពុងរីកចម្រើន ដូចជាការនាំចេញថាមពលកកើតឡើងវិញទៅកាន់ប្រទេសសិង្ហបុរី និងការជួញដូរឥណទានកាបូន»។
សារលិខិតដដែលពីនាយករដ្ឋមន្រ្តីសិង្ហបុរីបញ្ចាក់ថា សិង្ហបុរី-កម្ពុជា គួរតែបន្តស្វែងរកការពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យដូចជាការប្រែប្រួលអាកាសធាតុ និងការធ្វើឌីជីថល។
លោក Lee ថ្លែងថា៖ «ខ្ញុំទន្ទឹងរង់ចាំធ្វើការជាមួយអ្នក និងក្រុមការងាររបស់អ្នក ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការរបស់យើង ទាំងទ្វេភាគី និងវេទិកាពហុភាគី។ ខ្ញុំក៏ទន្ទឹងរង់ចាំជួបអ្នកដោយផ្ទាល់នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅទីក្រុងហ្សាកាតា ខែកញ្ញា ខាងមុខនេះ»។
ទន្ទឹមនោះ នាយករដ្ឋមន្រ្តីសិង្ហបុរីក៏បានផ្ញើសារជូនពរចំពោះសម្តេចតេជោ ហ៊ុន សែន ផងដែរ ដោយលោក Lee Hsien Loong បានអបអរសាទរ ជ័យជំនះរបស់គណបក្សប្រជាជនកម្ពុជា ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ ឆ្នាំ២០២៣ ដែលលទ្ធផលគឺជាការគាំទ្រយ៉ាងច្បាស់អំពីការដឹកនាំ និងចក្ខុវិស័យរបស់អ្នកសម្រាប់អនាគតរបស់ប្រទេសកម្ពុជា។
សារលិខិតជូនពររបស់នាយករដ្ឋមន្រ្តីសិង្ហបុរីបានកត់សម្គាល់ថា សម្តេចតេជោ ហ៊ុន សែន គឺជាមេដឹកនាំម្នាក់ក្នុងចំណោមមេដឹកនាំដែលកាន់អំណាចយូរបំផុតនៅលើពិភពលោក ហើយបានដឹកនាំប្រទេសកម្ពុជាឆ្លងកាត់ពេលវេលាដ៏លំបាក និងមិនធ្លាប់មានពីមុនមក និងបានលើកឡើងពីជោគជ័យរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការធ្វើជាប្រធានអាស៊ានក្នុងឆ្នាំ២០២២ និងការរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅឆ្នាំ២០២៣ ។
លោក Lee បានមានប្រសាសន៍ថា៖ «អ្នកបានខិតខំយ៉ាងខ្លាំងដើម្បីនាំមកនូវសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍដល់ប្រជាជនកម្ពុជា»។
លោកបានថ្លែងអំណរគុណចំពោះសម្តេចតេជោ សម្រាប់ការគាំទ្រដ៏រឹងមាំលើការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសសិង្ហបុរី និងកម្ពុជា ដោយបញ្ជាក់ថាកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរបានរីកចម្រើននៅទូទាំងវិសាលគមទូលំទូលាយនៃតំបន់ជាច្រើនឆ្នាំមកនេះ។
លោក Lee បាននិយាយថា លោកទន្ទឹងរង់ចាំធ្វើការជាមួយសម្តេចតេជោ ហ៊ុន សែន និងនាយករដ្ឋមន្រ្តីថ្មីលោក ហ៊ុន ម៉ាណែត ដើម្បីពង្រឹងភាពជាដៃគូរបស់ប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅថែមទៀត៕