ភ្នំពេញ : អ្នកឧកញ៉ា ហុី គឹមហុង ម្ចាស់ដីឡូតិ៍ដីមាស និងអង្គរក្សចំនួន 13 នាក់ ត្រូវបានសមត្ថកិច្ចនគបាលរាជធានីភ្នំពេញ បញ្ជូនខ្លួនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី 8 ខែសីហា ឆ្នាំ 2023 ។ នេះបើតាមការបញ្ជាក់ ពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យ អគ្គស្នងការរងនគរបាលជាតិ ស្នងការរាជធានីភ្នំពេញ នៅមុននេះបន្តិច។
សូមបញ្ជាក់ថា, អ្នកឧកញ៉ា ហុី គឹមហុង ត្រូវបានសមត្ថកិច្ចនគរបាលរាជធានីភ្នំពេញ ចុះឡោមព័ទ្ធ និងចាប់ឃាត់ខ្លួន នៅកន្លែងស្នាក់ការរបស់ខ្លួនស្ថិតក្នុងខណ្ឌព្រែកព្នៅ។ ដោយឡែកអង្គរក្សចំនួន 13 រូបទៀត ឃាត់ខ្លួន បន្ទាប់ពីពួកគេបានធ្វើសកម្មភាព រារាំង និងបង្ករសង្សាមកលើសមត្ថកិច្ចពេលកំពុងចុះអនុវត្តដីកា របស់ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញកាលពីរសៀលម្សិលមិញ។ នេះបើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សាន សុខសីហា។
យោងតាមរបាយការណ៍ពី ស្នងការដ្ឋាននគរបាលខេត្តកំពតថា បានទទួលពាក្យបណ្តឹងពីប្រជាពលរដ្ឋដែលពាក់ព័ន្ធនឹងក្រុមហ៊ុនពិភពដីមាសចំនួន ៦៧៨បណ្តឹង ក្នុងទំហំទឹកប្រាក់ប្រមាណ ១២.៦៤៧.៣៥០ដុល្លារ (ដប់ពីរលានប្រាំមួយរយសែសិបប្រាំពីរពាន់បីរយហាសិបដុល្លា)។
ចំពោះករណីនៅរាជធានីភ្នំពេញ គេពុំទាន់ដឹងថា ក្រុមហ៊ុនពិភពដីមាស របស់អ្នកឧកញ៉ា ហ៊ី គឹមហុង បោកប្រាស់ប្រជាពលរដ្ឋ ចំនួនទឹកប្រាក់ប៉ុន្មាននោះឡើយទេ ៕
ដោយ : សិលា